(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ “ពានរង្វាន់សម្ដេចបវរធិបតី” (គ.ច.យ.ខ.ព) នឹងរៀបចំពិព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណវិមាន នៃពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។
លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ចខាងលើ បានបញ្ជាក់ថា ពិព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នេះ នឹងមានតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ ។ សូមបងប្អូនប្រជាពលរដ្ឋ មកទស្សនា និងសិក្សាស្វែងយល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៧ ដល់ ២០ ខែតុលា ឆ្នាំ ២០២៤ តទៅ ដោយមេត្រីភាព» ។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បន្ថែមទៀតថា ទន្ទឹមនឹងការរៀបចំព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ក៏នឹងមានការដាក់បង្ហាញនូវវីរភាព ក៏ដូចជាភស្តុតាងមួយចំនួនរបស់អតីតព្រះមហាក្សត្រខ្មែរ ដែលជាមហាបុរសនៃយុទ្ធគុនខ្មែរបុរាណខ្មែរ សម្រាប់ចែករំលែកជាចំណេះដឹងដល់ប្រជាពលរដ្ឋ កំឡុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី» ។
គួរដឹងថា ការរៀបចំពិព័ណ៌នេះ រៀបចំឡើងកំឡុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី» ដែលនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ដែលនឹងត្រូវធ្វើការប្រកួតប្រជែង ក្រោមបទបញ្ជា និងច្បាប់ប្រកួតថ្មីមួយ ដែលនឹងត្រូវប្រើប្រាស់រួមក្នុងព្រឹត្តិការណ៍នេះ ។
ព្រឹត្តិការណ៍ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” នឹងត្រូវរៀបចំរៀងរាល់ឆ្នាំ ក្រោយទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ៕