(បរទេស)៖ យោងតាមរបាយការណ៍បឋមពី Canalys បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៥ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។ ដោយក្រុមហ៊ុន Samsung ជាអ្នកគ្រងដំណែងលេខ១ ខណៈទីផ្សារប្រកួតប្រជែងក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញានេះ គឺកាន់តែតឹងតែងជាងពេលណាៗទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
របាយការណ៍បានបង្ហាញថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung នៅតែឈរនៅតំណែងកំពូល ប៉ុន្តែស្ទើរតែត្រូវបានទាត់ចេញដោយ Apple ខណៈក្រុមហ៊ុនទាំងពីរនេះបានកាន់កាប់ចំណែកទីផ្សារ ១៨ភាគរយដូចគ្នា នៅពេលដែលភាគរយបានបង្កត់ឡើង។
ជុំវិញការប្រកួតប្រជែងដ៏តឹងតែងរវាងក្រុមហ៊ុនទាំងពីរនេះ គឺដោយសារតម្រូវការខ្លាំងសម្រាប់ iPhone 15 និងជាម៉ូដែលដែលរំពឹងទុកថានឹងចេញមកជាមួយនឹងមុខងារ Apple Intelligence (គ្រោងប្រកាសនៅក្នុងខែនេះ)។ ប្រភពបានគូសបញ្ជាក់ទៀតថា តម្រូវការ iPhone 16 ឆ្នាំនេះ និងធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងត្រីមាសទី៤ និងរក្សាសន្ទុះរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ឯណោះ នៅពេលដែលពង្រីកមុខងារ AI របស់ខ្លួនទៅកាន់ទីផ្សារជាច្រើនទៀតដូចជាអឺរ៉ុប និងចិន។
ទន្ទឹមនឹងនេះតំណែងបន្ទាប់ គឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន Xiaomi ដែលបានកាន់កាប់ចំណែកទីផ្សារ ១៤ភាគរយ ខណៈដែលក្រុមហ៊ុន Oppo និង Vivo បានកាន់កាប់ចំណែកទីផ្សារ ៩ភាគរយដូចគ្នា។
គួរជម្រាបថា ទោះបីជាមាននិន្នាការរីកចម្រើនជាវិជ្ជមានក៏ដោយ Canalys បានកត់សម្គាល់ថាអ្នកលក់មួយចំនួននៅតែប្រឈមមុខនឹងបញ្ហាទាក់ទងនឹងការបង្កើតតម្រូវការ និងឧបសគ្គផ្នែកច្បាប់ ជាពិសេសនៅក្នុងសហភាពអឺរ៉ុប៕