(ភ្នំពេញ)៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងការបណ្ដុះបណ្ដាលគ្រូបង្វឹកមកពីតាមបណ្ដាខេត្ដ នឹងបង្កើនបាននូវធនធានគ្រូប្រកបដោយចំណេះដឹង និងបច្ចេកទេសស្ដង់ដារ សម្រាប់ចូលរួមបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីបន្ដវេន ដើម្បីរក្សាបាននូវសក្ដានុពល និងភាពជោគជ័យ សម្រាប់កីឡាចំបាប់កម្ពុជានាថ្ងៃអនាគត។
ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ ក្រោមគម្រោងសាមគ្គីអូឡាំពិក ស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានសិក្ខាកាមចំនួន ២៥រូបចូលរួម ក្នុងនោះក៏មានគ្រូបង្វឹកមកពីតាមបណ្ដាខេត្តផងដែរ។
អនុប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង ដើម្បីធានានូវចីរភាព និងបន្ដរីកចម្រើន ទាំងកម្លាំង និងបច្ចេកទេស ក្នុងវិស័យកីឡាចំបាប់។ ដូច្នេះការបណ្ដុះបណ្ដាលគ្រូ ពិសេសគ្រូបង្វឹកមកពីតាមខេត្ត គឺស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ក្នុងដំណើរឆ្ពោះទៅរកការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីជំនាន់ថ្មី។
លោក ខេស៊ី បន្ដថា «អ្វីដែលជាលទ្ធផលដ៏ល្អប្រសើរ និងជាក្ដីរំពឹងរបស់យើង គឺការបណ្ដុះបណ្ដាលលោកគ្រូ-អ្នកគ្រូមកពីតាមខេត្ត ខុសពីមុនយើងមិនធ្លាប់មានការបណ្ដុះបណ្ដាលគ្រូតាមខេត្តទេ។ ធម្មតាពួកគាត់ (គ្រូតាមខេត្ត) ប្រើបទពិសោធន៍ និងបច្ចេកទេសរៀងៗខ្លួន មិនទាន់មានផែនការបណ្ដុះបណ្ដាលផ្លូវការ។ យើងសង្ឃសមថា ការបង្កើនបច្ចេកទេសបណ្ដុះបណ្ដាល និងបង្ហាត់របស់លោកគ្រូ-អ្នកគ្រូ ពិសេសតាមខេត្ត នឹងជំរុញឲ្យមានការបណ្ដុះបណ្ដាលយុវជនជំនាន់ថ្មី សម្រាប់បន្ដវេន និងស្វែងរកសមិទ្ធផលថ្មីៗបន្ដទៀត»។
ឆ្លៀតឱកាសនោះដែរ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម ដែលជាគ្រូបង្វឹក ក្នុងការយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសអន្តរជាតិពាក់ព័ន្ធនឹងគោលការណ៍បច្ចេកទេសនៃការបង្វឹកកីឡាចំបាប់ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញលើសមត្ថភាពជាគ្រូបង្វឹករបស់ខ្លួន។
លោកថា វគ្គនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល៥ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្តដា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តោតលើគោលបំណង ៤សំខាន់ៗ រួមមាន៖ ១-បង្កើតគោលនយោបាយថ្មីសម្រាប់ការប្រកួត និងការបង្វឹកប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់កីឡាចំបាប់ថ្នាក់ជាតិ។ ២-កម្មវិធីកំណត់ទេពកោសល្យ និងស្វែងរកថែរក្សាអត្តពលិកកីឡាចំបាប់វ័យក្មេងដើម្បីទទួលបានជោគជ័យ។ ៣-រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្រ្តីអាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើតជំនាញ និងធានាបាននូវនិរន្តរភាពកីឡាចំបាប់នូវក្នុងប្រទេស និង ៤-អភិវឌ្ឍន៍ធនធានមនុស្ស និងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមរៀបចំការប្រកួតយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា៕