(បរទេស)៖ ក្រុមហ៊ុនយក្ស Apple បានប្រកាសពី iPad mini ថ្មីរបស់ខ្លួននៅថ្ងៃអង្គារនេះ ដោយផ្តល់ជូននូវការអាប់ដេតលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ២០២១មក ខណៈផលិតផលថ្មីនេះអតិថិជនអាចធ្វើការបញ្ជារទិញក្នុងហាងផ្ទាល់ចាប់ពីថ្ងៃទី២៣ ខែតុលាតទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
iPad mini ថ្មីនេះភ្ជាប់មកជាមួយប្រព័ន្ធដំណើរការ A17 Pro មានល្បឿនលឿនជាងមុន ដែលជាបន្ទះឈីបដូចគ្នាទៅនឹង iPhone 15 Pro កាលពីឆ្នាំមុន។ នោះមានន័យថាវាគាំទ្រ Apple Intelligence ដែលជាមុខងារបញ្ញាសិប្បនិមិត្ត AI ថ្មីរបស់ Apple ដែលនឹងចាប់ផ្តើមដំណើរការបន្តិចម្តងៗដល់អ្នកប្រើប្រាស់ក្នុងខែតុលានេះ។ ការបញ្ចញ iPad mimi ថ្មីនេះស្របពេលមានរបាយការណ៍ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន Apple បានបង្ហាញពីកំណើនខ្លាំងបំផុតនៅក្នុងផ្នែក iPad របស់ខ្លួនដែលបានកើនឡើងប្រហែល ២៤% ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរជម្រាបថា iPad mimi របស់ក្រុមហ៊ុន Apple បានទាក់ទាញការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាខ្លាំង ជាមួយអេក្រង់ទំហំ ៨.៣ អ៊ីញងាយស្រួលក្នុងការអានសៀវភៅ ឬកត់ត្រា។ iPad Mini គាំទ្រ Apple Pencil Pro ចុងក្រោយបង្អស់ ដែលត្រូវបានណែនាំជាមួយ iPad Pros កាលពីដើមឆ្នាំនេះ។ វាចាប់ផ្តើមពី ៤៩៩ដុល្លារនៅទីផ្សារអាមេរិក និងមានដាក់លក់នៅក្នុងហាងនៅថ្ងៃទី២៣ ខែតុលាខាងមុខ៕