(ភ្នំពេញ)៖ ប្អូនៗនិស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប ចំនួន៥០នាក់ រួមទាំងសិស្សវិទ្យាល័យនៃអង្គការទ្រទ្រង់កុមារកម្ពុជា CCF ប្រមាណជាង ២០០នាក់ បានទទួលការចែករំលែកក្នុងកម្មវិធីពង្រឹងចំណេះដឹង បន្ថែមសម្រាប់ការសិក្សាក្រោមប្រធានបទ «ការត្រៀមខ្លួន និងចាប់យកឱកាសក្នុងបរិបទបច្ចេកវិទ្យាឌីជីថល» ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ស្ថិតនៅទីតាំងសាលា Neeson Cripps Academy ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
កម្មវិធីនេះ គឺធ្វើឡើងក្នុងគោលបំណងបង្ហាញគំនិតដល់ពួកគេឱ្យយល់ដឹង និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលក្នុងការសិក្សា និងអាចបង្កើតប្រភពចំណូលផ្សេងៗ ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងការសម្របខ្លួន ក្នុងនិន្នាការសង្គមបច្ចុប្បន្ន និងអនាគត។
សូមរំឭកថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់សិស្សវិទ្យាល័យអង្គការទ្រទ្រង់កុមារកម្ពុជា ដែលទទួលបានលទ្ធផលល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ចំនួន៥០នាក់ កន្លងមក។ ជាបន្តបន្ទាប់ក្រុមហ៊ុនមានការរៀបចំ កម្មវិធីពង្រឹងចំណេះដឹងបន្ថែមក្នុងការសិក្សា និងកម្មវិធីផ្សេងទៀត ដើម្បីផ្ដល់ឱ្យពួកគេ ទទួលបាននូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ សម្រាប់ការត្រៀមខ្លួនក្នុងអាជីពការងារ និងអនាគត៕