(ភ្នំពេញ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តលើផ្លូវឧបសគ្គ (Off Road) អន្ដរជាតិ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ នាចុងខែវិច្ឆិកាខាងមុខ ហើយលោករំពឹងព្រឹត្តិការណ៍នេះ នឹងក្លាយជាផលិតផលថ្មីមួយទៀត ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ឆ្នេរ ភាគនិរតីនៃប្រទេសកម្ពុជានេះ ។
ការគាំទ្រនេះ បន្ទាប់ពីលោកអភិបាលខេត្ត បានអនុញ្ញាតឲ្យក្រុមការងារសហព័ន្ធកីឡាយានយន្ដកម្ពុជា ដឹកនាំដោយលោក ទៀ ស្យាម អនុប្រធានសហព័ន្ធ និងជាប្រធានគ្រួសារ Off Road កម្ពុជា ចូលជួបពិភាក្សាការងាររៀបចំព្រឹត្តិការណ៍អន្ដរជាតិខាងលើ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ក្នុងនោះក៏មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនដៃគូផងដែរ ដើម្បីជំរុញព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off Road អន្ដរជាតិ នៅខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យ ។
លោក ម៉ាង ស៊ីណេត បានឯកភាព និងគាំទ្រសហព័ន្ធកីឡាយានយន្តកម្ពុជា ដែលផ្តួចផ្តើមគំនិតយកខេត្តព្រះសីហនុ បង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តឧបសគ្គ Off Road អន្តរជាតិ ២០២៤ នាពេលខាងមុខនេះ។ លោកបន្ថែមថា ការប្រណាំងរថយន្ដអន្ដរជាតិនេះ ជាផលិតផល ឬព្រឹត្តិការណ៍កីឡាទេសចរថ្មីៗ ដ៏ទាក់ទាញលើទឹកដីតំបន់ឆ្នេរស្អាត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យរួមគ្នាជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនបន្ថែមទៀត ។
យោងតាមបទបទបង្ហាញរបស់លោក ឈិន សីហា អគ្គលេខាធិការរងសហព័ន្ធ បានគូសបញ្ជាក់ថា ការរៀបចំការប្រណាំងរថយន្ត Off Road អន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ គឺដើម្បីបង្កើតការជួបជុំគ្រួសាររថយន្ត Off Road ដ៏ធំនៅកម្ពុជា មកពីបណ្តាក្លិប និងប្រទេសនានា។ ការប្រកួតនេះ គឺជាព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកធ្វើការប្រកួតបង្ហាញសមត្ថភាព បែបឆ្លងកាត់ឧបសគ្គ មានវាលភក់ ឆ្លងទឹក ថ្ម និងឧបសគ្គជាច្រើន រួមទាំងការបោះតង់ ប្រគុំតន្ដ្រី និងកម្មវិធីជាច្រើនទៀត។
លើសពីនេះ ក៏នឹងមានកម្មវិធីដង្ហែក្បួនម៉ូតូ និងរថយន្ត Off Road អន្តរជាតិ តាមវិថី និងទីប្រជុំជន នាក្រុងព្រះសីហនុ ព្រមទាំងមានការដាក់ស្តង់តាំងបង្ហាញក្រុមរថយន្ត ផលិតផល និងស្តង់លក់ដូរអាហារផ្សេងៗក្នុងទីលានប្រណាំងជិតឆ្នេរអូរត្រេះ លើផ្ទៃដីប្រមាណ ២៤ហិកតា ។ ចំពោះការប្រកួត គ្រោងនឹងមានរថយន្ដប្រមាណ ៨០គ្រឿងចូលរួម ក្នុងនោះក៏មានកីឡាករប្រណាំងអន្ដរជាតិចូលរួមផងដែរ ចាប់ពីថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ លោក ឈិន សីហា បន្ថែម ៕