(បរទេស)៖ ខ្សែបម្រើរបស់ក្លិបសេះបង្កង់ Juventus គឺ Paul Pogba បាននិយាយថា «ខ្លួនពុំមែនជាមនុស្សបោកប្រាស់ និងហ៊ានទទួលខុសត្រូវគ្រប់យ៉ាង ចំពោះទង្វើដែលបានធ្វើផងដែរ ដូចជាការចោទប្រកាន់ពីបទលួចបន្លំប្រើសារធាតុលើកកម្លាំងជាដើមនោះ»។
ដំបូងឡើយ កីឡាករអន្តរជាតិបារាំងរូបនេះ ត្រូវបានដាក់បម្រាមព្យួរជើងរយៈពេល ៤ឆ្នាំ និងក្រោយមកបន្ថយមកនៅត្រឹម ១៨ខែវិញ នៅពេលតុលាការកីឡាបានទទួលនូវភស្តុតាងរបស់ Pogba «ដែលពុំមែនជាចេតនា» ដែលត្រូវបានរកឃើញ ដោយទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ប្រទេសអ៊ីតាលី។
តារា World Cup 2018 ជាមួយមាន់គកបារាំង វ័យ ៣១ឆ្នាំ Pogba បានថ្លែងប្រាប់ Sky Sports ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «នេះពុំមែនខ្ញុំទេ។ ខ្ញុំមិនមែនជាមនុស្សបោកប្រាស់នោះទេ។ ខ្ញុំក៏ដូចមនុស្សគ្រប់គ្នាដែរដែលស្រឡាញ់កីឡា ស្រឡាញ់ការប្រកួត ចូលចិត្តជ័យជម្នះដោយស្មើភាព ពោលគឺគ្មានថ្ងៃដែលខ្ញុំធ្វើរឿងទាំងអស់នោះទេ»។
Pogba ដែលអាចចូលទីលានហ្វឹកហាត់បានវិញនាខែមករា ឆ្នាំ២០២៥ និងប្រកួតផ្លូវការឡើងវិញនាខែមីនានោះ គឺនៅជាប់កិច្ចសន្យាជាមួយ Juventus ដល់បំណាច់រដូវកាលឆ្នាំ២០២៦ ក្នុងនាមកីឡាករចប់កិច្ចសន្យាជាមួយក្លិបអង់គ្លេស Manchester United កាលខែកក្កដា ឆ្នាំ២០២២ រួចមក៕