(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបនៅអាស៊ី ត្រូវបានរាយការណ៍ថាបន្តធ្លាក់ចុះ បន្ទាប់ពីក្រុមហ៊ុនផលិតឧបករណ៍ semiconductor របស់ប្រទេសហូឡង់ ASML បានបង្ហោះការព្យាករណ៍ពីការលក់ក៏ដូចជាប្រាក់ចំណូលថយចុះ ដែលជំរុញឱ្យភាគហ៊ុនសកលនៅក្នុងវិស័យនេះធ្លាក់ចុះជាបន្តបន្ទាប់ដូចគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
របាយការណ៍បង្ហាញថា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកជប៉ុន Tokyo Electron បានកត់ត្រាការខាតបង់ដ៏ធំបំផុតដោយធ្លាក់ចុះជិត ១០% ។ ក្រុមហ៊ុន Renesas Electronics បានធ្លាក់ចុះជាង ៣% និង Advantest ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍សាកល្បងបានធ្លាក់ចុះ ០.៨%។ ងាកមក ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ TSMC និង Hon Hai Precision Industry ត្រូវបានគេស្គាល់ជាអន្តរជាតិថា Foxconn នោះបានធ្លាក់ចុះច្រើនដល់ទៅ ៣.៣% និង ១.៦% រៀងគ្នា។ ក្រុមហ៊ុនកូរ៉េខាងត្បូង SK Hynix ដែលផលិតបន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ដំណើរការកម្មវិធី AI សម្រាប់ Nvidia ក៏បានធ្លាក់ចុះ១.៦% ផងដែរ។ ខណៈពេលដែលក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតដ៏ធំបំផុតរបស់ពិភពលោក សម្រាប់បន្ទះឈីបអង្គចងចាំធ្លាក់ចុះ ១.៩% ។ ក្រៅពីនេះ នៅមានក្រុមហ៊ុនតូចធំជាច្រើនទៀត បន្តធ្លាក់ចុះតម្លៃភាគហ៊ុន ចាប់តាំងពី ASML ព្យាករណ៍ការលក់ធ្លាក់ចុះ។
នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ ASML ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ បាននិយាយថា ខ្លួនរំពឹងថាការលក់សុទ្ធសម្រាប់ឆ្នាំ២០២៥ នឹងមានចំនួនពី ៣២.៧ ពាន់លានដុល្លារ និង ៣៨.១ពាន់លានដុល្លារ ពោលគឺស្មើនឹងពាក់កណ្តាលប៉ុណ្ណោះ នូវអ្វីដែលខ្លួនធ្លាប់ទទួលបានកន្លងទៅ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានព្រមានអំពីការប្រុងប្រយ័ត្នក្នុងចំណោមអតិថិជន ហើយបាននិយាយថា «ការងើបឡើងវិញ គឺកាន់តែយឺតយ៉ាវជាងការរំពឹងទុកពីមុន»។
គួរជម្រាបថា ASML បានប្រឈមមុខនឹងទស្សនវិស័យអាជីវកម្មកាន់តែតឹងតែងនៅក្នុងប្រទេសចិន ដោយសារការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក និងហូឡង់។ លោក Eugene, Hsiao ប្រធានយុទ្ធសាស្រ្តភាគហ៊ុនចិននៅស្ថាប័ន Macquarie Capital បាននិយាយពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃពុធកន្លងទៅថា អាជីវកម្មរបស់ ASML នៅអាស៊ីទំនងជានឹងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់៕