(បរទេស)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានប្រកាសថានឹងរៀបចំវិធានការតឹងរឹងជាងមុន ដើម្បីការពារការលេចធ្លាយអាថ៌កំបាំងអាជីវកម្មទៅក្រៅប្រទេស ចំពេលពិភពលោកបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងផ្នែកបច្ចេកវិទ្យាទំនើប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok បានប្រកាសនាពេលថ្មីៗនេះថា «យើងនឹងការពារការលេចធ្លាយខុសច្បាប់នៃបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនការប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុនយើង ព្រមទាំងពង្រឹងភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាផងដែរ»។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធទិន្នន័យធំមួយ ក្នុងគោលបំណងការពារការលេចធ្លាយបច្ចេកវិទ្យានៅទីភ្នាក់ងារប៉ាតង់ និងណែនាំបទប្បញ្ញត្តិថ្មី ដើម្បីធានាបាននូវការផ្តន្ទាទោសកាន់តែខ្លាំងចំពោះពិរុទ្ធជន។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ថាតើការពិន័យខ្លាំងជាងបច្ចុប្បន្នប៉ុន្មានដង ឬស្ថិតនៅក្រោមបទប្បញ្ញត្តិថ្មីមួយណានោះទេ។
គួរជម្រាបថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ មានការប៉ុនប៉ងចំនួន៩៧ករណី ដើម្បីធ្វើឲ្យលេចធ្លាយអាថ៌កំបាំងអាជីវកម្មរបស់កូរ៉េខាងត្បូងទៅកាន់បរទេស ដែលក្នុងនោះមាន៤០ករណី ផ្នែកឧស្សាហកម្ម semiconductor។ នេះបើយោងតាមសេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង។ ជាក់ស្តែង កាលពីខែមុន នាយកប្រតិបត្តិនៅកូរ៉េខាងត្បូងម្នាក់ ត្រូវបានចោទប្រកាន់ពីបទលួចព័ត៌មាន semiconductor ដែលបង្កើតឡើងដោយក្រុមហ៊ុន Samsung Electronics ត្រូវបានឃុំខ្លួនម្តងទៀតលើការចោទប្រកាន់ថ្មីៗទាក់ទងនឹងការលួចបច្ចេកវិទ្យាដំណើរការបន្ទះឈីប៕