(បរទេស)៖ ប្រភពពី The Verge បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta Platform ដែលជាមេធំរបស់ Facebook កំពុងបញ្ឈប់បុគ្គលិកនៅទូទាំងអង្គភាពរបស់ខ្លួនរួមទាំង Instagram, WhatsApp និង Reality Labs។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
អ្នកនាំពាក្យ Meta បានប្រាប់ Reuters នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនកំពុងធ្វើការកែតម្រូវនៅក្នុងក្រុមមួយចំនួន ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងជាមួយនឹងគោលដៅយុទ្ធសាស្ត្ររយៈពេលវែង និងយុទ្ធសាស្ត្រទីតាំងរបស់ពួកគេ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងលម្អិតថា «ការផ្លាស់ប្តូរថ្មីៗនេះទាក់ទងនឹងការផ្លាស់ប្តូរក្រុមមួយចំនួនទៅកាន់ទីតាំងផ្សេងគ្នា និងការផ្លាស់ប្តូរបុគ្គលិកមួយចំនួនទៅកាន់តួនាទីថ្មី។ នៅក្នុងស្ថានភាពបែបនេះ នៅពេលែលតួនាទីមួយត្រូវបានលុបចោល យើងមិនអោបដៃឈរមើលនោះទេ យើងនឹងខិតខំរកឱកាសផ្សេងទៀតសម្រាប់បុគ្គលិកដែលរងផលប៉ះពាល់»។
យ៉ាងណាមិញ របាយការណ៍ពី The Verge មិនបានបញ្ជាក់លម្អិតនោះទេថាតើមានបុគ្គលិកចំនួនប៉ុន្មានដែលរងផលប៉ះពាល់ ប៉ុន្តែបានបង្ហើបថាមានចំនួនតិចតួចប៉ុណ្ណោះ។ ខណៈ Meta ក៏មិនបានធ្វើអត្ថាធិប្បាយលើតួរលេខនោះផងដែរ។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយពីកាសែត Financial Times (FT) បានរាយការណ៍ថា ថ្មីៗនេះ Meta បានបញ្ឈប់បុគ្គលិកប្រហែល ២០នាក់នៅក្នុងការិយាល័យ Los Angeles របស់ខ្លួនពីបទប្រើប្រាស់ឥណទានអាហារ ២៥ដុល្លារប្រចាំថ្ងៃរបស់ពួកគេដោយខុសលក្ខណ្ឌ ដើម្បីជំនួសឱ្យការទិញរបស់របរប្រើប្រាស់ក្នុងផ្ទះរួមមាន បន្ទះបិទមុន កែវស្រាក្រហម និងសាប៊ូបោកខោអាវ។ ទន្ទឹមនឹងនេះ របាយការណ៍ពី FT បានលើកឡើងថាការបញ្ឈប់បុគ្គលិកទាំង គឺហាក់បីខុសពីការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។
យ៉ាងណា Meta បានបដិសេធមិនធ្វើអត្ថាធិប្បាយលលើរបាយការណ៍ FT នោះទេ។
គួរជម្រាបថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មក Meta បានអនុវត្តការកាត់បន្ថយកម្លាំងពលកម្មយ៉ាងសំខាន់ ដែលសរុបមានបុគ្គលិកប្រហែល ២១,០០០នាក់ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ CEO លោក Mark Zuckerberg ដែលហៅថា «ឆ្នាំនៃប្រសិទ្ធភាព»៕