(ភ្នំពេញ)៖ តារាចម្រៀងល្បីៗរបស់ប្រទេសកម្ពុជា នឹងចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក) ចាប់ពីម៉ោង ៥ល្ងាចតទៅ។
យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញឲ្យដឹងថា នៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិតជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នេះ នឹងអញ្ជើញតារាល្បីៗប្រចាំប្រទេសកម្ពុជាចូលរួមអបអរសាទរ ដោយមានការប្រគំតន្រ្តីបើកកម្មវិធីយ៉ាងអធិកអធ័ម ពីតារាចម្រៀង ឌីជេរ៉េបល្បីៗ រួមមាន ព្រះនាងតូច នរោត្តម ជេនណា, លោក វណ្ណដា, តារាចម្រៀង ឆន សុវណ្ណារាជ, លោក វណ្ណថាន់, កញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានធ្វើការអំពាវនាវដល់មហាជន និងអ្នកស្នេហាវិស័យកីឡាទូទាំងប្រទេស ចូលរួមឱ្យបានច្រើនកុះករ ខណៈការចូលរួមនេះ គឺដោយសេរីពុំមានការលក់សំបុត្រនោះឡើយ។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ, ខេត្តកែប, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ និងជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា។
ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះ បានបង្ហាញពីការរីកចម្រើន មានសុខសន្តិភាព មានការអភិវឌ្ឍនៃវិស័យកីឡានៅកម្ពុជា និងការត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡា «យុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩» ដែលជាព្រឹត្តិការណ៍ដ៏ធំ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិទាំងមូល៕