(ភ្នំពេញ)៖ ក្រុមអត្តពលិកយុទ្ធគុនចម្រុះ ប្រមាណ ៤០០នាក់ បានធ្វើការថ្លឹងទម្ងន់រួចរាល់ហើយកាលពីព្រឹកមិញនេះ សម្រាប់ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ “ពានរង្វាន់សម្តេចធិបតី” ឆ្នាំ២០២៤ ដោយក្នុងនោះក៍មាន វត្តមានកីឡាករ ឈឿង ល្វៃ, ម៉ឺន មេឃា, ភក្តី គុនខ្មែរ, សោម វិច្ឆ័យ, រិន សារ័ត្ន, កីឡាការិនី ទួន ស្រីពីន, នៅ ស្រីពៅ, អេម៉ា, ឡុង សុភី និងកីឡាករ កីឡាការិនីជាច្រើនរូបទៀត ។
ព្រឹត្តិការណ៍ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” នឹងត្រូវរៀបចំឡើង រៀងរាល់ឆ្នាំ ក្រោយទទួលបានការឯកភាពជាគោលការណ៍ពី រាជរដ្ឋាភិបាល ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ។
សូមជម្រាបថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី» នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ដែលនឹងត្រូវធ្វើការប្រកួតប្រជែង ក្រោមបទបញ្ជា និងច្បាប់ប្រកួតថ្មីមួយ ដែលនឹងត្រូវប្រើប្រាស់រួមក្នុងព្រឹត្តិការណ៍នេះ ៕