(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសការប្រកួតវគ្គជម្រុះ នៃពានរង្វាន់ AFC U17 Asian Cup 2025 ពូលB ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រើប្រាស់ទីលានចំនួន ២ សម្រាប់បម្រើឲ្យការប្រកួត គឺពហុកីឡដ្ឋានជាតិ(អូឡាំពិក) និងកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់ វិសាខា ។
ការជូនដំណឹងផ្លូវការនេះ ស្របពេលការប្រកួតជម្រុះពានរង្វាន់យុវជន U17 ប្រចាំទ្វីបអាស៊ីខាងលើ គ្រោងនឹងដំណើរការប្រកួតពីថ្ងៃទី១៩-២៧ ខែតុលាខាងមុខ ក្នុងនោះពហុកីឡដ្ឋានជាតិ នឹងត្រូវរៀបចំការប្រកួតនៅថ្ងៃទី១៩, ២១ និងថ្ងៃទី២៣ ខែតុលា ស្មើនឹង ៦ប្រកួត គ្រាដែលកម្មវិធីប្រកួតនៅថ្ងៃទី២៥ និងថ្ងៃទី២៧ ខែតុលា នឹងត្រូវប្រកួតនៅកីឡដ្ឋានព្រីនស៍ ស្មើនឹង ៤ប្រកួត ។
គួរដឹងថា ការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមភ្ញៀវ ៤ក្រុមផ្សេងទៀត រួមមានក្រុមជម្រើសជាតិ U17 បង់ក្លាដេស, អាហ្វហ្គានីស្ថាន, ហ្វីលីពីន និងម៉ាកាវ ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ សម្រាប់ប្រកួតបើកឆាក កម្ពុជា នឹងត្រូវជួបបង់ក្លាដេស មុនគេ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ៕