(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសកីឡាករ សួន ចាន់ណារ៉ូ បានសម្រេចចិត្តចូលនិវត្ដន៍ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាហើយ បន្ទាប់ពីប្រធានក្រុម និងជាអ្នកលើកបាល់ដ៏ឆ្នើមរូបនេះ បានរួមចំណែកជួយក្រុមជម្រើសជាតិទទួលបានសមិទ្ធផលធំៗជាច្រើននាពេលកន្លងមក។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅល្ងាចថ្ងៃទី១៧ ខែតុលានេះ បានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ក្រុមកីឡាករ និងមន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជាទាំងអស់ សូមគោរពនូវការសម្រេចចិត្តនេះ ហើយក៏សូមថ្លែងអំណរគុណដល់ សួន ចាន់ណារ៉ូ សម្រាប់ការខិតខំប្រឹងប្រែងជួយក្រុមជម្រើសជាតិរបស់យើង អស់រយៈពេលជាច្រើនរដូវកាលកន្លងមក ព្រមទាំងសមិទ្ធផលធំៗជាច្រើនសម្រាប់ជាតិ»។
គួរដឹងថា សមាជិកក្លិបបាល់ទះវិសាខា សួន ចាន់ណារ៉ូ គឺជាកីឡាករដ៏ឆ្នើមមួយរូប ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ហើយសមិទ្ធផលធំបំផុត ដែលកីឡាកររហស្សនាម «ក្មេងតូច» រូបនេះ បានរួមចំណែកជាមួយក្រុមជម្រើសជាតិនាពេលកន្លងមក គឺការបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម លើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដជួយក្រុមឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ លើសពីនេះ រូបគេក៏ធ្លាប់ជួយក្រុមឈ្នះពានកម្រិតជាតិ និងអន្ដរជាតិផ្សេងៗទៀតផងដែរ៕