(ភ្នំពេញ)៖ យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ AIA Fit For Hope ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ អេ អាយ អេ ខេមបូឌា បានបិទបញ្ចប់ដោយជោគជ័យ ក្រោយបន្ដរួមចំណែកផ្សព្វផ្សាយពីបញ្ហាសុខភាពរបស់ស្ដ្រី អំឡុងព្រឹត្តិការណ៍រត់ប្រណាំង AIP Pink Run លើកទី២ ដែលរៀបចំឡើងក្រោមប្រធានបទ «រត់ដើម្បីអបអរសាទរដំណើរការអភិវឌ្ឍ ព្រែកជីកហ្វូណនតេជោ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់» កាលពីថ្មីៗកន្លងទៅ។
យុទ្ធនាការនេះបានបន្ដពង្រីកវិសាលភាពដល់ប្រជាជនកម្ពុជាកាន់តែច្រើនឱ្យទទួលបានចំណេះដឹងអំពីជំងឺមហារីកសុដន់ ជាក់ស្ដែងរយៈពេល ៣ថ្ងៃ នៃការរៀបចំពិព័រណ៌សុខភាព អំឡុងព្រឹត្តិការណ៍រត់ប្រណាំងខាងលើ គឺបានប្រព្រឹត្តទៅយ៉ាងរលូន ក្នុងគោលបំណងលើកទឹកចិត្តសាធារណជនឱ្យដើរតួជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញបង្កើនការយល់ដឹងក្នុងកម្រិតថ្នាក់ជាតិ ក៏ដូចជាយល់ដឹងអំពីជំងឺមហារីកសុដន់អន្ដរជាតិ ដើម្បីកសាងសហគមន៍នេះឱ្យកាន់តែរឹងមាំ និងចូលរួមប្រយុទ្ធប្រឆាំងជំងឺមហារីកសុដន់ទាំងអស់គ្នា។
គួរដឹងថា ព្រឹត្តិការណ៍រត់ប្រណាំង AIP Pink Run លើកទី២ គឺជាកម្មវិធីបិទយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ AIA Fit For Hope 2024 ដែលមានការចូលរួមពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ពិសេសវត្តមានរបស់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤,០០០នាក់ ដែលបានចូលរួមព្រឹត្តិការណ៍ ហើយក៏មានស្ដ្រីជាច្រើនបានចូលរួមពិនិត្យសុខភាពអំឡុងយុទ្ធនាការនេះផងដែរ៕