(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានដាក់ទណ្ឌកម្មចំពោះក្លិបអេស្ប៉ាញ Atletico Madrid មិនឱ្យលក់សំបុត្រដល់អ្នកគាំទ្រ សម្រាប់ការប្រកួតក្រៅដីគ្រប់កម្មវិធីចំនួន ៥ប្រកួតបន្ទាប់របស់ពួកគេ ដោយសារតែអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រនាពេលកន្លងមក។
បើយោងតាមការចេញផ្សាយដោយគេហទំព័រ Reuters បានឱ្យដឹងថា ការសម្រេចនេះដែរ វានឹងធ្វើឱ្យប៉ះពាល់ដល់ម្ចាស់សំបុត្រប្រចាំរដូវកាល ជាមួយនឹងកៅអីជាច្រើននៅកីឡដ្ឋាន Metropolitano ដែលត្រូវលេងបិទទ្វារ ៣ប្រកួតក្នុងដីនោះ។
កាលពីសប្តាហ៍មុន Atletico ក៏ត្រូវបានពិន័យជាប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារផងដែរ បន្ថែមលើបម្រាមលក់សំបុត្រក្នុងប្រកួតរបស់ UEFA ដោយសារតែអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រពេលក្រុមរបស់ពួកគេបានប្រកួតចាញ់ Benfica ៤-០ ក្នុងពានរង្វាន់ Champions League កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
ពួកគេក៏បានរងពិន័យពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF ថែមទៀតដែរ ដែលតម្រូវឱ្យលេងបិទទ្វារកីឡដ្ឋានចំនួន ៣ប្រកួតក្នុងដី ដោយសារតែអ្នកគាំទ្របានគប់វត្ថុផ្សេងៗចូលទីលាន ក្នុងអំឡុងប្រកួតទល់នឹង Real Madrid កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងក្របខណ្ឌ La Liga៕