(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC (Taiwan Semiconductor Manufacturing) បានប្រកាសពីការកើនឡើង ៥៤ភាគរយនៅក្នុងប្រាក់ចំណេញសុទ្ធរបស់ខ្លួនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ដែលជាកំណើនច្រើនបំផុត នឹងលើសពីការរំពឹងទុករបស់ទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ Apple និង Nvidia ដ៏ធំ។ តាមរយៈការលក់នៅក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញា ប្រាក់ចំណេញសុទ្ធក្រុមហ៊ុនខ្នាតយក្សនេះ បានកើនឡើងដល់ ១០.១១ពាន់លានដុល្លារ ច្រើនជាងបើធៀបនឹងចំនួន ៦.៥៦ពាន់លានដុល្លារដែលរកបានកាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះតួលេខនេះ លើសពីការរំពឹងទុករបស់អ្នកវិភាគយ៉ាងខ្លាំង ដែលបានព្យាករណ៍ថានឹងទទួលបានប្រាក់ចំណេញប្រមាណ ៩.៣២ពាន់លានដុល្លារក្នុងត្រីមាសទី៣ នេះបើយោងតាមអ្នកវិភាគ LSEG SmartEstimate។
គួរជម្រាបថា ការកើនឡើងនៃប្រាក់ចំណេញនេះ ត្រូវបានសន្មតថាជាការកើនឡើងនៃតម្រូវការសម្រាប់ឧបករណ៍ពាក់កណ្តាលសម្រេច semiconductors ជាពិសេសកម្មវិធីដែលប្រើក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត (AI)៕