(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» (គ.ច.យ.ខ.ព) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ថ្លែងក្នុងពិធីបើកការប្រកួតនេះដែរ លោកទេសរដ្ឋមន្ដ្រីបានសម្ដែងនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលការចាត់តាំងជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតីនាយករដ្ឋមន្ដ្រី ធ្វើជាអធិបតីក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។
លោកបណ្ឌិត ថោង ខុន បានថ្លែងថា «ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” នេះ គឺជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍ដ៏មានសារៈសំខាន់ និងមានគុណតម្លៃថ្លៃថ្លាបំផុត ក្នុងការរួមចំណែកគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាមរបស់ព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់បានប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើតបានអាណាចក្រ ខ្មែរដ៏រឹងមាំនាសម័យបុរាណ ព្រមជាមួយនេះក៏ដើម្បីសិក្សាស្រាវជ្រាវប្រវត្តិយុទ្ធគុន ស្វែងរកប្រភពឯកសារបុរាណ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ ដែលនៅសេសសល់ ហើយដែលកំពុងកប់បាត់ក្នុងសហគមន៍ ដើម្បីយកមករៀបចំជាឯកសារ ទាំងឯកសារសំណេរ និងឯកសារឌីជីថលរបស់ជាតិសម្រាប់បន្សល់ទុកឱ្យកូនខ្មែរគ្រប់ជំនាន់ប្រើប្រាស់ ជាមូលដ្ឋាន»។
លោកបន្ដថា «យើងពិតជាមានមោទនភាព ចំពោះព្រះមហាវីរក្សត្រ និងវីរបុព្វបុរសដូនតាខ្មែរ ដែលបានខិតខំបង្កើតវប្បធម៌ អរិយធម៌ និងរតនសម្បត្តិមហាសាល ទាំងរូបី ទាំងអរូបីឱ្យយើងទាំងអស់គ្នាគ្រប់ជំនាន់ ដោយឡែកសម្រាប់យុទ្ធគុន ខ្មែរបុរាណ យើងមានភស្តុតាង និងសក្ខីកម្មជាច្រើន ដូចជាការរៀបរាប់ពីថ្វីដៃយុទ្ធគុនរបស់អតីតព្រះមហាក្សត្រ តាមសិលាចារឹក សាស្រ្តាស្លឹករឹត តាមជញ្ជាំងប្រាសាទជាច្រើន និងតាមសហគមន៍នានាទូទាំងប្រទេស និងនៅអតីតចក្រភពខ្មែរបុរាណ ដើម្បីទុកឲ្យកូនខ្មែរសម័យទំនើប ជីកកកាយ សិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកជាសម្បត្តិវប្បធម៌យុទ្ធគុនជាតិដ៏មានតម្លៃបំផុត»។
ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានកោតសរសើរចំពោះគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព និងអនុគណៈកម្មការប្រតិបត្តិ ដែលបានបានខិតខំអនុវត្តការងារ និងបានសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ក្នុងការរៀបចំទីលានប្រកួត និងលក្ខណៈបច្ចេកទេសរួមមួយ ទំនើប និងស្តង់ដាកីឡា និងបានសហការយ៉ាងល្អជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូកីឡា កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងព្រឹទ្ធាចារ្យយុទ្ធគុន រួមទាំងការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងដឹកជញ្ជូន ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងផ្នែកសុខាភិបាលជាដើម ដើម្បីធានាដំណើរការរៀបចំព្រឹត្តិការណ៍នេះឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ប្រធានគណៈកម្មការចំពោះកិច្ចដដែល បានបន្ថែមថា «ក្នុងនាមសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី សូមឲ្យគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលរាជរដ្ឋាភិបាលបានបង្កើត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្តអនុវត្តការងារសិក្សាស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចុះទៅសិក្សាស្រាវជ្រាវផ្ទាល់ជាមួយព្រឹទ្ធាចារ្យយុទ្ធគុនខ្មែរ នៅតាមសហគមន៍មូលដ្ឋាន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី»។
«យើងសង្ឃឹមជឿជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចបវរធិបតី” នាពេលនេះ នឹងក្លាយជាកាលានុវត្តភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍយុទ្ធគុនចម្រុះ ខ្មែរបុរាណឱ្យមានការរីកចំរើន ស្របតាមស្តង់ដាកីឡាអន្តរជាតិ និងគោលការណ៍ចលនាអូឡាំពិកឈានឆ្ពោះទៅទទួលស្គាល់ជាអន្តរជាតិ និងអាចបញ្ចូលទៅក្នុងការប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអន្តរជាតិ នាពេលអនាគត»។ លោកបណ្ឌិត ថោង ខុន បញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ក្រៅពីការប្រកួតដែលមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ចូលរួម ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ក៏នឹងមានការរៀបចំពិព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅមុខវិមានពហុកីឡដ្ឋានជាតិផងដែរ ដោយមានការតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ។ ព្រឹត្តិការណ៍នេះ មានកីឡាករ-កីឡាការិនីចូលរួមសរុបជិត ៥០០នាក់៕