(រីយ៉ាដ)៖ លោក Esteve Calzada ដែលជា CEO នៃក្លិបបាល់ទាត់អាជីព Al Hilal បានឆ្លើយតបទៅនឹងការមិនឱ្យតម្លៃរបស់គ្រូបង្វឹកក្រុមហូឡង់ លោក Ronald Koeman តាមរយៈមិនចុចឈ្មោះកីឡាករលេងនៅទីនេះចូលជម្រើសជាតិនាពេលថ្មីៗនេះ។
លោក Calzada ដែលបានចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ផ្នែកកីឡានៅទីក្រុង London ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានថ្លែង ដែលបានដកស្រង់ចេញផ្សាយដោយ Reuters ថា «គ្រប់គ្នាដែលរស់នៅអារ៉ាប៊ីសាអូឌីត តែងតែស្រឡាញ់ និងឱ្យតម្លៃប្រទេសនេះ។ ខ្ញុំគិតថា ការរិះគន់នេះមិនស្មើភាព និងត្រឹមត្រូវឡើយ។ ជាការពិតប្រសិនបើអ្នកក្រឡេកមើលកីឡាករដែលមកលេងនៅ Saudi ភាគច្រើនតែងតែបន្តជាប់ជម្រើសជាតិដដែល»។
នេះវាជាការឆ្លើយតបចំពោះលោក Koeman ដែលបានបដិសេធ ក្នុងការកោះហៅកីឡាករ Steven Bergwijn ចូលជម្រើសជាតិទឹកក្រូចហូឡង់កាលពីខែមុន បន្ទាប់ពីកីឡាកររូបនេះបានផ្លាស់មកលេងនៅ Pro League ក្នុងក្លិប Al Ittihad ពី Ajax Amsterdam នៃលីគកំពូលហូឡង់រួចមក។
អតីត CEO របស់ក្លិបមេឃខៀវ Manchester City ដដែលនេះបានបន្តថា គ្រូបង្វឹកហូឡង់ គួរតែឱ្យតម្លៃលីគកំពូល Pro League ដ្បិតក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ប្រទេសសំបូរប្រេងមួយនេះបានចំណាយលុយដ៏ច្រើនក្រាស់ក្រែង ក្នុងការទិញកីឡាករល្បីៗនៅអឺរ៉ុប មកលេងនៅទីនេះមានដូចជា Cristiano Ronaldo និងកីឡាករថ្លៃជាងគេ Neymar ជាដើម ដែលកំពុងមានវត្តមានក្នុងក្រុមជម្រើសជាតិនៅឡើយ៕