(បរទេស)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវបានរាយការណ៍មកថា ចាប់ផ្តើមការពិចារណាក្នុងការទទួលយកស្តង់ដារសាកថ្មប្រភេទ USB-C សម្រាប់ឧបករណ៍អេឡិចត្រូនិក ខណៈគម្រោងនេះគឺស្រដៀងគ្នានឹងបទបទប្បញ្ញត្តិដែលសហភាពអឺរ៉ុបបានអនុម័តនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Mac Rumors។
ការិយាល័យសម្រាប់សុវត្ថិភាពនិងស្តង់ដារផលិតផល ដែលជាផ្នែកមួយនៃនាយកដ្ឋានពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស កំពុងស្វែងរកធាតុចូលពីក្រុមហ៊ុនផលិត អ្នកនាំចូល អ្នកចែកចាយ និងសមាគមពាណិជ្ជកម្មអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដារសាកថ្មនេះនៅទូទាំងចក្រភពអង់គ្លេស។ ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុបបានអនុម័តច្បាប់នៅឆ្នាំ២០២២ ដែលតម្រូវឱ្យរាល់ឧបករណ៍អេឡិចត្រូនិកចល័តភាគច្រើនប្រើ USB-C សម្រាប់ការសាកថ្មចាប់ពីខែធ្នូ ឆ្នាំ២០២៤។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប មានគោលបំណងកាត់បន្ថយកាកសំណល់អេឡិចត្រូនិច និងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការនៃឆ្នាំងសាក។
រដ្ឋាភិបាលចក្រភពអង់គ្លេស កន្លងទៅបាននិយាយថា ខ្លួនមិនបានពិចារណាលើច្បាប់ស្រដៀងគ្នានេះទេ តែឥឡូវនេះកំពុងស្វែងរកថា តើការទទួលយកស្តង់ដារសាកថ្ម USB-C នឹងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្ម អ្នកប្រើប្រាស់ និងបរិស្ថានដែរឬទេ? ការពិគ្រោះយោបល់នឹងដំណើរការរយៈពេលប្រាំបីសប្តាហ៍ ដោយបញ្ចប់នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
គួរជម្រាបថា iPad mini ថ្មីរបស់ក្រុមហ៊ុន Apple ដែលបានប្រកាសចេញនៅថ្ងៃអង្គារសប្តាហ៍នេះ នឹងមិនរួមបញ្ចូលឆ្នាំងសាកនៅក្នុងប្រអប់នោះទេ សម្រាប់ទីផ្សារនៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន រួមទាំងចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងហូឡង់។ ការផ្លាស់ប្តូរនេះទំនងជាឆ្លើយតបទៅនឹងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបទាក់ទងនឹងសំណល់អេឡិកត្រូនិក ប៉ុន្តែសូម្បីតែបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលមិនមែនជាផ្នែកនៃសហភាពអឺរ៉ុបក៏រងផលប៉ះពាល់ដែរ៕