(បរទេស)៖ ថ្មីៗនេះ ក្រុមហ៊ុន Intel China បានឆ្លើយតបទៅនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីសមាគមសន្តិសុខអ៊ីនធឺណិតចិន (Cyber Security Association of China ឬហៅកាត់ថា CSAC) ដែលបានចោទប្រកាន់ថា ក្រុមហ៊ុននេះមិនអើពើនឹងភាពងាយរងគ្រោះផ្នែកសុវត្ថិភាពនៅក្នុង processors របស់ខ្លួន ហើយបានអំពាវនាវឱ្យមានការត្រួតពិនិត្យឡើងវិញនៃផលិតផលដែលបានលក់នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់ CSAC ដែលត្រូវបានចែកចាយតាមរយៈ Weixin បានលើកឡើងពីបញ្ហាជាច្រើន រួមទាំងការអះអាងអំពីអត្រាបរាជ័យខ្ពស់ និងវត្តមាននៃ backdoors ដែលលាក់ទុកដែលអាចប៉ះពាល់ដល់សុវត្ថិភាពបណ្តាញ និងជួយសម្រួលដល់ការឃ្លាំមើលដោយសត្រូវបរទេស។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ Intel China បានគូសបញ្ជាក់ថា ខ្លួនតែងតែផ្តល់អាទិភាពដល់សុវត្ថិភាព និងគុណភាពផលិតផល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat ផ្លូវការក្រុមហ៊ុន Intel ក្នុងប្រទេសចិននេះបាននិយាយថា «យើងនឹងបន្តចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់កង្វល់ដែលលើកឡើងដោយ CSAC»។
គួរជម្រាបថា ប្រសិនបើមានការត្រួតពិនិត្យពីនិយតករអ៊ីនធឺណិតរបស់ចិនពិតមែននោះ ត្រូវបានគេមើលឃើញថាអាចនឹងប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុន Intel ក្នុងប្រទេសចិនរហូតដល់មួយភាគបួននៃប្រាក់ចំណូលឯណោះ បើធៀបនឹងការលក់ដែលទទួលបានកាលពីឆ្នាំមុន៕