(ភ្នំពេញ)៖ ជាមួយនឹងការសាទរក្នុងនាមជាធនាគារឈានមុខមួយ ប្រកបដោយទំនុកចិត្តខ្ពស់ ដែលមានវត្តមានជាង ៣ ទសវត្សរ៍ ក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា នៅតែបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមួយនឹងការឈ្នះពានរង្វាន់ ចំនួន ២ ពីកម្មវិធីInternational Finance Awards (IFA) ក្នុងឆ្នាំ ២០២៤។
អ្វីដែលកត់សម្គាល់ ធនាគារ បានទទួលពានរង្វាន់ ធនាគារពាណិជ្ជដ៏ឆ្នើមបំផុតនៅក្នុងប្រទេសកម្ពុជារយៈពេល ៦ ឆ្នាំជាប់ៗគ្នា ហើយក៏ជាលើកដំបូងរបស់ធនាគារ ដែលឈ្នះពានរង្វាន់ ធនាគារឆ្នើមបំផុតផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម ផងដែរ។ ពានរង្វាន់ទាំងអស់នេះបានសរបញ្ជាក់អំពីភាពឈានមុខក្នុងទីផ្សារ របស់ធនាគារ កាណាឌីយ៉ាជាមួយនឹងការប្ដេជ្ញាចិត្តចំពោះនវានុវត្តន៍ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មធនាគារដ៏ឥតខ្ចោះជូនទៅដល់អតិថិជន។
សូមបញ្ជាក់ថា កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ International Finance Awards (IFA) ត្រូវបានរៀបចំឡើងដោយស្ថាប័នទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ “International Finance Magazine (IFM)” ដ៏ល្បីល្បាញដែលមានទីស្នាក់ការកណ្តាល នៅក្នុងចក្រភពអង់គ្លេស ដែលបានផ្តល់កិត្តិយសដល់ស្ថាប័នហិរញ្ញវត្ថុ និងអ្នកដឹកនាំនានានៅទូទាំងពិភពលោកដែលជាអ្នកកំណត់បទដ្ឋាននៃឧត្តមភាព នវានុវត្តភាព និងការផ្តោតលើអតិថិជនជាចំបង។ នៅក្នុងនោះដែរ ភាពជោគជ័យជាបន្តបន្ទាប់របស់ធនាគារ កាណាឌីយ៉ា នៅក្នុងចំនុចទាំងនេះ បានបង្ហាញពីយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យ រួមបញ្ចូលសេវាកម្មធនាគារដ៏ល្អឥតខ្ចោះ និងការយកចិត្តទុកដាក់ក្នុងការជំរុញទៅលើការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងការលូតលាស់ឥតឈប់ឈរនៃវិស័យហិរញ្ញវត្តុរបស់ប្រទេសកម្ពុជា។
អត្ថន័យនៃការឈ្នះពានរង្វាន់ធនាគារពាណិជ្ជឆ្នើមបំផុត នៅកម្ពុជារយៈពេល ៦ ឆ្នាំជាប់ៗគ្នាបានបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំ និងការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ កាណាឌីយ៉ា ក្នុងការបម្រើអតិថិជនទាំងអស់ចាប់ពីរូបវន្តបុគ្គល និងសហគ្រាសធុនតូច និងមធ្យម រហូតដល់សាជីវកម្មធំៗ។ តាមរយៈនវានុវត្តន៍ជាបន្តបន្ទាប់ និងវិធីសាស្រ្តផ្តោតទៅលើអតិថិជនជាគោល ធនាគារទទួលនូវប្រាក់ចំណេញសុទ្ធចំនួន១០២ លានដុល្លារក្នុងឆ្នាំ ២០២៣ ដោយបង្ហាញពីឧត្តមភាពរបស់ខ្លួនកំឡុងពេលវិបត្តិសេដ្ឋកិច្ចពិភពលោក។
សេវាកម្មអាទិភាព ដែលជាសេវាកម្មធនាគារចុងក្រោយបង្អស់របស់ ធនាគារ កាណាឌីយ៉ា ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការ នៃអតិថិជនរបស់ខ្លួន។ សេវាកម្មនេះ ផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារដែលសមស្រប ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើនបែបឯកជនដ៏ពិសេសដែលឆ្លុះបញ្ចាំងអំពីអត្ថន័យដ៏ច្បាស់ របស់ស្តង់ដានៃភាពប្រណិតសម្រាប់សេវាកម្មធនាគារ។
នេះជាលើកដំបូងដែលធនាគារ កាណាឌីយ៉ាបានឈ្នះពានរង្វាន់ហិរញ្ញប្បទានពាណិជ្ជកម្មដ៏ឆ្នើមបំផុត សបញ្ជាក់អំពីជំហររបស់ខ្លួន ជាធនាគារឈានមុខក្ក្នុងការផ្តល់នូវសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុកយ៉ាងរលូន។ ធនាគារផ្តល់ជូននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយដល់អាជីវកម្មក្នុងស្រុក និងសាជីវកម្មចម្រុះជាតិសាសន៍នានា ក្នុងការផ្តល់ជូននូវខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain) និងគម្រោងរបស់រាជរដ្ឋាភិបាលប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាព។ ចំណុចសំខាន់នៃការផ្តល់ជូននេះគឺ ជាកញ្ចប់ខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain Package) ដែលត្រូវបានរចនាឡើងដើម្បីទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូលរបស់អតិថិជន ដៃគូសហការ ដៃគូអាជីវកម្ម និងតំណាងចែកចាយ ដោយផ្តល់នូវសេវាកម្មធនាគារដ៏ទូលំទូលាយជាមួយនឹងលក្ខខណ្ឌ និងអត្រាការប្រាក់ពិសេស។
បន្ថែមពីលើនេះទៀត គម្រោងធានាឥណទានសម្រាប់ការនាំចេញស្រូវ-អង្ករ ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (REGS) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានលើលក្ខខណ្ឌងាយៗដែលអនុញ្ញាតឱ្យរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញស្រូវ-អង្ករ ពង្រីកអាជីវកម្មរបស់ខ្លួន។
អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ពីដៃគូក្នុង និងក្រៅប្រទេសរបស់ធនាគារ កាណាឌីយ៉ា ផងដែរ។ ជាធនាគារដែលដែលមានទំនុកចិត្តខ្ពស់ ហើយក៏ជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជា សេវាលិខិតធានា (Bank Guarantee) របស់ធនាគារ មានការទទួលស្គាល់យ៉ាងទូលំទូលាយ ទាំងក្នុងស្រុក និងទូទាំងសាកលលោក។ ធនាគារ មានបណ្តាញដៃគូជុំវិញពិភពលោកជាច្រើន ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការក្រៅប្រទេសយ៉ាងងាយស្រួល និងប្រសិទ្ធភាព។
លើសពីនេះទៅទៀត លើសពីនេះទៅទៀត ធនាគារ តែងតែគាំទ្រ និងលើកទឹកចិត្តដល់អតិថិជន ដែលមានគោលបំណងចង់ការពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់ជូននូវសេវាកម្មធនាគារដែលពេញលេញ សម្រាប់ជាជំនួយក្នុងការគ្រប់គ្រងប្រតិបត្តិអាជីវកម្ម ដែលរួមបញ្ចូលកញ្ចប់សេវាកម្មប្រតិបតិ្តការធនាគារ ជាមួយនឹងលក្ខខណ្ឌប្រកួតប្រជែង និងបុគ្គលិកពោរពេញដោយវិជ្ជាជីវៈខ្ពស់ រង់ចាំពិគ្រោះ និងប្រឹក្សាយោបល់ជូនដល់អតិថិជន។ លើសពីនេះទៅទៀត ធនាគារ បានកែលម្អសេវាកម្មធនាគារតាមប្រព័ន្ធអ៉ីនធឺណែតថ្មី ដែលអនុញ្ញាតឱ្យអតិថិជនចូលប្រើប្រាស់សេវាកម្មធនាគារអញឡាញកាន់ងាយស្រួល។
លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានថ្លែងអំណរគុណចំពោះ International Finance Magazine (IFM) ដូចតទៅ៖ “យើងខ្ញុំ ពិតជាមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់ជាធនាគារពាណិជ្ជក្នុងស្រុកដ៏ឆ្នើមបំផុត ជាថ្មីម្តងទៀត និងពានរង្វាន់ជាធនាគារហិរញ្ញប្បទានពាណិជ្ជកម្មដ៏ល្អបំផុត ជាលើកដំបូង។ ការទទួលស្គាល់ទាំងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ឧត្តមភាពនិងភាពច្នៃប្រឌិត ពីសំណាក់ក្រុមការងារទាំងអស់របស់យើងខ្ញុំ ដែលពួកគេបានបន្តខិតខំប្រឹងប្រែងក្នុងការផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន និងសហគមន៍នានាផងដែរ។ ចំណុចស្នូលនៃភាពជោគជ័យរបស់យើងខ្ញុំ មើលទៅហាក់ដូចជាធម្មតា តែជាភាពជឿជាក់មួយដែលពោរពេញដោយថាមពល នោះគឺធនាគារដែលលើសពីប្រតិបត្តិការទូទៅ ដែលផ្តោតលើការលើកតម្កើនទំនុកចិត្តនៃការទំនាក់ទំនង និងភាពជាដៃគូសហការ។ ពានរង្វាន់ទាំងនេះជំរុញឲ្យយើងខ្ញុំ បន្តពង្រឹងការផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុ ពង្រីកសេវាកម្មធនាគារបែបឌីជីថល និងវិនិយោគបន្ថែមលើធនធានមនុស្សរបស់យើងខ្ញុំ ដើម្បីបង្កើនគុណភាពសេវាកម្មធនាគារដ៏ល្អបំផុត។”
អ្នកនាង Pakaravee Anantathananid អគ្គនាយិការង និងជានាយិកាគ្រប់គ្រងអាជីវកម្ម បានបន្ថែមពីលើការថ្លែងអំណរគុណនេះ៖ “សមិទ្ធិផលដែលទទួលបាននេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្តល់នូវផលិតផលហិរញ្ញវត្ថុដ៏ល្អប្រសើរ និងមានភាពបត់បែនជាមួយនឹងតម្លៃប្រកួតប្រជែង ព្រមទាំងមានបណ្តាញដៃគូសហការជុំវិញពិភពលោក ដើម្បីជួយដល់ប្រតិបត្តិការក្នុង និងក្រៅប្រទេសរបស់អតិថិជនសាជីវកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នាពេលអនាគតយើងនៅតែបន្តផ្តល់នូវគម្រោងហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត សេវាកម្មប្រតិបតិ្តការធនាគារ ដែលរចនាតាមតម្រូវការរបស់អតិថិជន និងពង្រីកសេវាកម្មធនាគារបែបឌីជីថលរបស់យើងខ្ញុំបន្ថែមទៀត ដើម្បីសម្រួលទៅដល់ការធ្វើប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែរលូន ដែលជាជំនួយទៅដល់ធុរកិច្ចរបស់អតិថិជនសាជីវកម្មទាំងអស់។”
*អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានសេវាកម្មធនាគារពេញលេញ ហើយឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ជាមួយនឹងចំណែកទីផ្សារមួយដ៏ធំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ ក្នុងឆ្នាំ២០២៤ បន្ថែមពីលើការឈ្នះ ពានរង្វាន់សម្រាប់ បច្ចេកវិទ្យាក្នុងវិស័យធនាគារឌីជីថលនៅកម្ពុជា ពីស្ថាប័នទស្សនាវដ្តីហិរញ្ញវត្ថុ The Asian Business Review ធនាគារ កាណាឌីយ៉ា បានទទួលពានរង្វាន់ ធនាគារឆ្នើមសម្រាប់សេវាកម្មរូបវន្តបុគ្គល ជាលើកទីបួន ទទួលស្គាល់ដោយស្ថាប័ន The Asian Banker និងទទួលបានពានរង្វាន់ជាលើកទី២ជា ធនាគារឆ្នើមសម្រាប់សាជីវកម្មនៅកម្ពុជាទទួលស្គាល់ដោយស្ថាប័ន Euromoney ព្រមទាំងពានរង្វាន់ ធនាគារឆ្នើម សម្រាប់សហគ្រាសធុនតូច និងមធ្យម ពីស្ថាប័ន The Digital Banker។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ ក៏បានទទួលពាន់រង្វាន់ចំនួនពីរថ្មីៗនេះ ពីស្ថាប័ន International Finance Awards ជាពានរង្វាន់ ធនាគារពាណិជ្ជដ៏ឆ្នើមបំផុត ជាលើកទី ៦ និងពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់ហិរញ្ញប្បទានពាណិជ្ជកម្ម នៅកម្ពុជាឆ្នាំ២០២៤ ជាលើកដំបូង។
នាពេលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា មានបណ្តាញសាខាចំនួន ៦៨ទីតាំង ព្រមទាំងមានម៉ាស៊ីនស្វ័យសេវាធនាគារច្រើនជាង ៤៥០ ទូទាំងប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនដកប្រាក់ (ATM) ម៉ាស៊ីនដាក់-ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM) ម៉ាស៊ីនបើកគណនី(VTM) និងម៉ាស៊ីនបោះពុម្ពកាត (SEM) ៕