(ភ្នំពេញ)៖ លោកស្រី ចូវ សុធារ៉ា សមាជិកប្រតិបត្តិសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាគ្រូបង្វឹកក្រុមជម្រើសជាតិ បានចាត់ទុកការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ គឺជាវេទិកាដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាព ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ។
ការលើកឡើងនេះ ស្របពេលសហព័ន្ធ បានសម្រេចរៀបចំការប្រកួតខាងលើ នៅថ្ងៃទី១៨ ខែតុលានេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Martin Hauck ជំនាញការអន្តរជាតិមកពីសហព័ន្ធកីឡាចំបាប់ពិភពលោក (UWW) ភ្ជាប់នឹងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ រយៈពេល ១២ថ្ងៃកន្លងមក ។ ការប្រកួតនេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ។
មន្ដ្រីជំនាញដែលអតីតកីឡាការិនីជម្រើសជាតិដ៏ឆ្នើមដដែលបន្ដថា «ការប្រកួតនេះ គឺលោក Martin Hauck ជាអ្នកផ្ដើមគំនិត ដើម្បីផ្សាភ្ជាប់នឹងការសិក្សា នៃវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកយើងឲ្យមានគុណភាព សម្រាប់ផ្ដល់ចំណេះជំនាញទៅក្មេងៗជំនាន់ក្រោយ ។ ហេតុនេះទើបលោកស្នើឲ្យមានកម្មវិធីប្រកួតនេះឡើង ដើម្បីសាកល្បងសមត្ថភាព ដែលគ្រូៗយើងបានសិក្សារយៈពេលជាង ១០ថ្ងៃកន្លងមកថា តើពួកគាត់អនុវត្តបានល្អកម្រិតណា?» ។
អ្នកស្រី ចូវ សុធារ៉ា បានបន្ថែមទៀតថា «គំនិតផ្ដួចផ្ដើមនេះ គឺពិតជាល្អមែនទែន សម្រាប់កម្ពុជា ស្របពេលយើងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។ អ៊ីចឹងកម្មវិធីនេះធ្វើឡើង ដើម្បីឲ្យយើងបានឃើញថា សមាគមណា មានកីឡាករថ្នាលឆ្នើមៗ មានទេពកោសល្យពីកំណើត សម្រាប់ត្រៀមឆ្នាំក្រោយ ដែលនឹងមានការប្រកួតមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិថ្នាល ដើម្បីសម្រួចសមត្ថភាពពួកគាត់ត្រៀមទិសដៅឆ្នាំ២០២៩» ។
ទន្ទឹមជាមួយគ្នា អ្នកស្រីបានអរគុណថ្នាក់គ្រូបង្វឹកទាំងអស់ ពិសេសលោកគ្រូ-អ្នកគ្រូតាមបណ្ដាលខេត្ត ដែលបានខិតខំសិក្សារៀនសូត្រ ហើយបញ្ជូនយុវជនថ្នាលរបស់ខ្លួនមកចូលរួមការប្រកួតនេះ ។ អ្នកស្រីសង្ឃឹមថា ក្រោយវគ្គបណ្ដុះបណ្ដាលល ក៏ដូចជាការប្រកួតនេះ គ្រូបង្វឹកទាំងអស់ នឹងបន្ដខិតខំដុសខាតសមត្ថភាពបន្ថែម ដើម្បីចូលរួមបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីបន្ដវេនឲ្យកាន់តែច្រើនសម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។
គួរដឹងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ នេះ បានដំណើរការប្រកួតរយៈពេល ១ថ្ងៃពេញ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានកីឡាករ-កីឡាការិនីវ័យក្មេងជាង ១០០នាក់ មកពី ១១សមាគម/ក្លិបចូលរួមប្រកួត ។ ក្នុងនោះក៏មានការចូលរួមកាត់សេចក្ដី និងតាមដានរាល់ការដឹកនាំរបស់ក្រុមការងារគ្រូតាមសមាគម/ក្លិបនីមួយៗ ពីសំណាក់អ្នកជំនាញមកពីសហព័ន្ធកីឡាចំបាប់អន្ដរជាតិផងដែរ ៕