(បាត់ដំបង)៖ ក្រុមហ៊ុន MG Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវសាខាទី៤ របស់ខ្លួន គឺ MG សាខាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងបាត់ដំបង នៅលើផ្លូវជាតិលេខ៥ ស្តុបផ្សារថ្មី ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤។ ការពង្រីកសាខាបន្ថែមនេះ គឺបានបង្ហាញពីទំនុកចិត្តរបស់ MG ក្នុងការអភិវឌ្ឍន៍លើផ្នែកធនធាននឹងសេដ្ឋកិច្ចរបស់ខេត្ត ដែលជាសក្តានុពលនៃការរីកចម្រើនរបស់ខ្លួន។ បច្ចុប្បន្ន MG មានចំនួន៤ សាខាដូចជាសាខារាជធានីភ្នំពេញ MG ទឹកថ្លា, MG ផ្លូវ៦០ម៉ែត្រ, MG ខេត្តសៀមរាប ហើយនេះ គឺជាសាខាទី៤ MG បាត់ដំបង។
ក្រុមការងារ និងអគារតាំងបង្ហាញរថយន្តថ្មី MG សាខាខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាចំណុចសំខាន់ និងទាក់ទាញបំផុតសម្រាប់ប្រជាជនដែលរស់នៅក្នុង និងជុំវិញខេត្តបាត់ដំបង ដែលចូលចិត្តរថយន្តថ្មីទំនើប និងរថយន្តលក្ខណៈគ្រួសារ ដោយផ្តល់ជូននូវរថយន្តថ្មីមានតម្លៃសមរម្យនិងលក់ដាច់បំផុត, មានលក្ខណៈពិសេសទំនើបៗ, មានភាពធំទូលាយ, មានគុណភាពខ្ពស់ និងផ្តោតទៅលើសេវាកម្មជូនអតិថិជនជាពិសេស។ ក្នុងការសម្រេចចិត្តបង្កើតវត្តមាននៅក្នុងខេត្តបាត់ដំបងនេះ ក្រុមហ៊ុន MG ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរថយន្តថ្មីទំនើប និងសេវាកម្មល្អប្រកបដោយគុណភាពខ្ពស់ នៅទូទាំងប្រទេសកម្ពុជាផងដែរ។
លោក គីម អ៊ុំ នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានថ្លែងថា «ការអបអរគម្រប់ខួប ១០០ឆ្នាំ នៃកេរដំណែលម៉ាកយីហោ MG ដែលយើងបានបង្កើតកំណត់ត្រាធំៗជាច្រើនដូចជា ដំណើរកម្សាន្តអន្តរជាតិ MG Cyberster Tour ពីចក្រភពអង់គ្លេសឆ្ពោះទៅទីក្រុងសៀងហៃ និងកំណត់ត្រាថ្មីនៃកំណើនការលក់សម្រាប់ឆ្នាំ២០២៤ ហើយឥឡូវនេះយើងបានសម្រេចសមិទ្ធផលធំមួយទៀត គឺសម្ពោធអគារតាំងបង្ហាញរថយន្ត MG នៅសាខាខេត្តបាត់ដំបង ដែលនឹងផ្តល់ភាពងាយស្រួលដល់គ្រួសារ MG របស់យើងក្នុងការមកទស្សនា និងបើកបរសាកល្បងនូវរថយន្តស៊េរីថ្មីៗទំនើបចុងក្រោយរបស់ MG ព្រមទាំងអាចមកទទួលយករថយន្តថ្មី នៅក្នុងអគារតាំងបង្ហាញ ដ៏មានផាសុកភាពដែលមានទីតាំងនៅស្តុប MG ផ្សារថ្មីក្រុងបាត់ដំបង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បានគិតគូរពីសេវាកម្មបន្ទាប់ពីពេលទិញ ជាមួយចំនួនលក់ចេញនៅក្នុងភូមិសាស្រ្តនេះ គឺមានច្រើន ដូច្នេះហើយយើងក៏ត្រូវការមជ្ឈមណ្ឌលសេវាកម្មដ៏ធំ ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរ និងលឿនជាងមុន ដែលយើងនឹងដំណើរការការសាងសង់ក្នុងពេលឆាប់ៗនេះ នៅលើផ្លូវជាតិលេខ៥»។
នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia រូបនេះ បានបន្ថែមថា «ក្រុមហ៊ុនក៏មានឆន្ទៈខ្ពស់ក្នុងការបន្តគ្រប់គ្រង នូវវត្តមានម៉ាកយីហោរបស់យើង នៅក្នុងទីផ្សារប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជាមួយការបង្កើនសាខាផ្នែកលក់ និងមជ្ឈមណ្ឌលសេវាកម្មបន្ថែមទៀត នៅទូទាំងប្រទេសដែលនឹងជួយអភិវឌ្ឍសហគមន៍យើង ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងឱកាសការងារជាច្រើន សម្រាប់ប្រជាជនរបស់យើង។ យើងនឹងបន្តក្នុងការរួមចំណែកចូលរូមការងារសង្គមរបស់យើង តាមរយៈការបរិច្ចាគសម្ភារៈផ្សេងៗ ការបរិច្ចាគឈាម ការឧបត្ថម្ភ ឬការគាំទ្រដល់សហគ្រិនថ្មីៗ។ យើងនឹងមិនអាចឈរនៅទីនេះបានទេ ប្រសិនបើយើងមិនមានគ្រួសារ MG ដ៏មានតម្លៃរបស់យើងដែលពួកគេបានជឿជាក់លើវត្តមាននៃម៉ាកយីហោ និងក្រុមហ៊ុនរបស់យើងអស់រយៈពេលជាង១៤ឆ្នាំ នៅប្រទេសកម្ពុជាមកនេះ។ យើងនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីផ្តល់ផលិតផល និងសេវាកម្មដ៏ល្អជាបន្តបន្ទាប់សម្រាប់គ្រួសារ MG របស់យើង ហើយយើងពិតជាមានមោទនភាព និងរីករាយបំផុតដែលទទួលបានការគាំទ្រពីគ្រួសារ MG និងដៃគូសហការរបស់យើង»។
ក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរបស់ MG, បុគ្គលិកគ្រប់ជាន់ថ្នាក់, គ្រួសារអតិថិជន MG, បុគ្គលដែលមានឥទ្ធិពល (influencer), និងដៃគូអាជីវកម្មដែលបានចូលរួម ក្នុងការប្រារព្ធពិធីសូត្រមន្តតាមបែបប្រពៃណីខ្មែរ ពិធីកាត់ខ្សែបូសម្ភោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តថ្មីសាខាខេត្តបាត់ដំបង។ វត្តមាននៃការចូលរួម របស់ភ្ញៀវកិត្តិយសទាំងអស់ បានបង្ហាញពីសារៈសំខាន់នៃវត្តមាន និងការវិនិយោគទុនថ្មីដ៏ធំមួយ សម្រាប់ការរីកចម្រើននាពេលអនាគត របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្នុងខេត្តបាត់ដំបងនេះផ្ទាល់។
ក្នុងពិធីសម្ពោធនេះក្រុមហ៊ុន MG បានបង្ហាញពីការយកចិត្ត ទុកដាក់បន្ថែមទៀតដល់សហគមន៍ដែលខ្លួនកំពុងមានវត្តមាន តាមរយៈការផ្តល់អំណោយដល់គ្រួសារក្រីក្រ ចំនួន៥០នាក់ ដែលជាការយកចិត្តទុកដាក់ និងផ្តល់នូវស្បៀងដល់អ្នកដែលកំពុងត្រូវការជំនួយ។ សកម្មភាពនៃអំពើសប្បុរសនេះបានបង្ហាញថា បេសកកម្មរបស់ MG គឺមិនត្រឹមតែពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែក ដល់ការជួយសង្គមជាតិផងដែរ។ ជាមួយនឹងការបើកសាខាថ្មីនេះក្រុមហ៊ុន MG បានបន្តពង្រឹងការបោះជំហានរបស់ខ្លួន ដើម្បីគ្របដណ្តប់នៅទូទាំង ប្រទេសដោយជំរុញទាំងការច្នៃប្រឌិតលើម៉ូតរថយន្តថ្មី និងការចូលរួមគាំទ្រជួយដល់សហគមន៍៕