(បរទេស)៖ ថ្មីៗនេះ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក Donald Trump បានបង្ហើបថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook បានហៅទូរស័ព្ទទៅលោក ជុំវិញការព្រួយបារម្ភអំពីការពិន័យហិរញ្ញវត្ថុដែលត្រូវបានដាក់ដោយសហភាពអឺរ៉ុប (EU) មកលើក្រុមហ៊ុនផលិត iPhone។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
យ៉ាងណាជុំវិញរបាយការណ៍នេះ នៅមិនទាន់មានការស្រាយបំភ្លឺបញ្ជាក់ពីដំណើរដើមទងពីក្រុមហ៊ុន Apple នៅឡើយនោះទេ។
និយតករអឺរ៉ុប បានចាប់ផ្តើមការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើក្រុមហ៊ុន Big Tech ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានគោលបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុនយក្សអាមេរិក និងធានាឱ្យមានភាពស្មើគ្នាសម្រាប់គូប្រជែងតូចៗ។
ក្នុងអំឡុងពេលបង្ហាញខ្លួននៅលើ PBD Podcast ( podcaster Patrick Bet-David) ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Trump បាននិយាយថា «ខ្ទង់ ២ ទៅ ៣ម៉ោងមុន, គាត់ (Cook) បានហៅទូរស័ព្ទមកខ្ញុំ»។ លោក Trump បានបន្ថែមទៀតថា «គាត់បាននិយាយថា សហភាពអឺរ៉ុបទើបតែបានពិន័យយើងចំនួន ១៥ពាន់លានដុល្លារ... បន្ទាប់មកពួកគេត្រូវបានពិន័យដោយសហភាពអឺរ៉ុបចំនួន ២ពាន់លានដុល្លារផ្សេងទៀត»។
គួរជម្រាបថា លោក Trump បានសម្តែងការព្រួយបារម្ភរបស់លោក ចំពោះបន្ទុកហិរញ្ញវត្ថុទាំងនេះ។ Trump បានលើកឡើងអំពីការជជែករបស់លោកជាមួយ CEO Apple ថា លោកនឹងធ្វើការដើម្បីការពារក្រុមហ៊ុនអាមេរិកដូចជា Apple ប្រសិនបើលោកជាប់ឆ្នោតម្តងទៀត។ លោកបានធានាចំពោះលោក Cook ថាលោកនឹងមិនអនុញ្ញាតឱ្យ EU ទាញយកប្រយោជន៍ពីអាជីវកម្មអាមេរិកឡើយ បើទោះបីជាលោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់លោកក្នុងការធានាការបោះឆ្នោតជាមុនក៏ដោយ៕