(បរទេស)៖ មេធំផ្នែក Amazon Cloud នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រាប់ទៅកាន់បុគ្គលិកទាំងអស់ថាអាចចាកចេញពីក្រុមហ៊ុនបាន ប្រសិនបើមិនពេញចិត្តនឹងគោលការណ៍ថ្មីដែលទើបដាក់ចេញ ដោយតម្រូវឲ្យបុគ្គលិកចូលធ្វើការនៅក្នុងការិយាល័យវិញចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
នាយកប្រតិបត្តិ Amazon Web Services លោក Matt Garman បាននិយាយក្នុងអំឡុងពេលប្រជុំមួយ នៅការិយាល័យកណ្តាលទីពីររបស់ក្រុមហ៊ុននៅ Arlington រដ្ឋ Virginia ដោយបញ្ជាក់ថា «បុគ្គលិកដែលមិនយល់ស្របនឹងគោលការណ៍ថ្មីរបស់ក្រុមហ៊ុន Amazon អាចចាកចេញបាន»។ លោកបានសង្កត់ធ្ងន់ «ប្រសិនបើមានបុគ្គលិកដែលមិនពេញចិត្តនឹងការងារដែលខ្លួនកំពុងធ្វើក្នុងបរិយាកាសការិយាល័យនោះទេ គឺចាកចេញប្រសើរជាង ឬទៅបម្រើការនៅក្រុមហ៊ុនផ្សេង។ នៅ Amazon យើងចង់ស្ថិតនៅក្នុងបរិយាកាសដែលមានបុគ្គលិកធ្វើការជាមួយគ្នា ហើយយើងមានអារម្មណ៍ថាបរិយាកាសសហការគ្នារវាងបុគ្គលិក គឺមានសារៈសំខាន់សម្រាប់ការច្នៃប្រឌិត»។ អ្នកនាំពាក្យក្រុមហ៊ុន Amazon បានប្រាប់ CNBC ថាក្រុមហ៊ុន Amazon បានសង្កេតឃើញថាការធ្វើការនៅក្នុងការិយាល័យ ជួយបុគ្គលិកឱ្យកាន់តែសហការគ្នា និងមានប្រសិទ្ធភាព។
គួរជម្រាបថា ក្រុមហ៊ុន Amazon បានប្រកាសគោលការណ៍ថ្មីដែលឲ្យបុគ្គលិកចូលធ្វើការនៅការិយាល័យវិញចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍នេះកាលពីខែមុន ខណៈកន្លងទៅគឺតម្រូវឲ្យបុគ្គលិកធ្វើការនៅក្នុងការិយាល័យយ៉ាងតិច៣ថ្ងៃក្នុងមួយសប្តាហ៍ ពោលគឺគោលការណ៍ចាស់នេះអនុវត្តន៍អំឡុងពេលវិបត្តិកូវីដ-១៩។ និយោជិតមានពេលរហូតដល់ថ្ងៃទី២ ខែមករា ដើម្បីបញ្ជាក់ការយល់ស្របឬមិនយល់ស្របនឹងគោលការណ៍ថ្មីនេះ៕