(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តពោធិ៍សាត់ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាកបង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទីល ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួង។

ការប្រគំតន្រ្តីដ៏ធំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៤ ដែលមានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ចាប់ពីម៉ោង ០៦៖០០នាទីល្ងាចតទៅ។

តារាចម្រៀងដែលនឹងចូលរួមច្រៀងមានដូចជា តារាចម្រៀងប្រចាំប្រទេស ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខាន់ ជេមស៍, លោក គូម៉ា, អ្នកនាង ខាត់ សួស្តី, លោក រាជ ប្រាថ្នា, លោក K-LA, លោក វង្ស ថាណាន់, លោក លំ សុក្រិត, កញ្ញា NANA, លោក Vuthea & Ruthko, លោក ងួន សុបិន និង DJ KA KA។

ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម ជាមួយនឹងបច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមទស្សនាដោយសេរី៕