(ឡុងដ៍)៖ Leeds United បានបញ្ចប់កំណត់ត្រាលេងមិនចាញ់របស់ Sheffield United ក្នុងប្រកួតទី១០ ជើងទី១ នៃក្របខណ្ឌទី២ អង់គ្លេស Championship តាមរយៈយកឈ្នះ ២ទល់នឹង០ នាយប់មិញនេះ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣៦,៦៩៥នាក់។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានជួយឱ្យ Leeds ឡើងទៅឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្នវិញ ដោយមាន ១៩ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Sunderland ដ្បិតពួកគេនៅសល់ ១ប្រកួតក្នុងដៃដែលត្រូវលេងរាត្រីអាទិត្យទល់នឹង Hull City ហើយ Sheffield ឈរនៅលេខ៣ ដោយមាន ១៩ពិន្ទុដែរ។
កីឡាករ Pascal Struijk គឺជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី៦៩ និងក៏ជាគ្រាប់ទី១ របស់គេដែរតាំងពីបើករដូវកាលឆ្នាំ២០២៤-២០២៥ នៅមុនពេលមិត្តរួមក្រុម Mateo Joseph រកបានគ្រាប់ទី២ នៅនាទី៩០ ក្រោយពេលវគ្គទី១ ពុំអាចធ្វើអ្វីក្រុមភ្ញៀវដែលកំពុងឡើងជើង Sheffield នៅកីឡដ្ឋាន Elland Road បាន។
គួរបញ្ជាក់ផងថា មុនការប្រកួតមកដល់ ក្រុមទាំងពីរក៏បានស្មឹងស្មាធ ១នាទី ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់កីឡាករ George Baldock ដែលបានទទួលបានមរណភាពកាលពីសប្តាហ៍មុន ត្រឹមវ័យ ៣១ឆ្នាំដែរ៕