(បរទេស)៖ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺត្រកូល iPhone 16 កំពុងមានសន្ទុះគាំទ្រខ្លាំងក្នុងទីផ្សារប្រទេសចិន ដោយការលក់កើនឡើងដល់ ២០% ក្នុងរយៈពេល៣សប្តាហ៍ដំបូងនេះ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យស្រាវជ្រាវពី Counterpoint និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
ទាំងស្មាតហ្វូនចុងក្រោយរបស់ Apple និង Huawei គឺបានដាក់លក់នៅក្នុងប្រទេសចិនកាលពីថ្ងៃទី២០ ខែកញ្ញា ដោយបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក។ Counterpoint បានប្រកាសថា «យើងកំពុងមើលឃើញការលក់ iPhone 16 មានសន្ទុះខ្លាំងនៅក្នុងប្រទេសចិន»។ ដោយបន្ថែមថា ម៉ូដែល iPhone 16 Pro និង Pro Max កំពុងដំណើរការយ៉ាងល្អ ដោយការលក់រួមបញ្ចូលគ្នាកើនឡើង ៤៤% បើធៀបនឹងឆ្នាំ២០២៣។
ទោះជាយ៉ាងណាក៏ដោយ ការលក់ដុំ iPhone សរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះ ២% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេល៣សប្តាហ៍ដំបូង ដោយសារតែការថយចុះនៃការលក់ម៉ូដែលចាស់ៗ និងការកើនឡើងនៃការប្រកួតប្រជែងជាមួយនឹងស៊េរី Mate និង Pura របស់ក្រុមហ៊ុន Huawei ៕