(បរទេស)៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានរំលេចថា បញ្ហាសុខមាលភាពកីឡាករគ្រប់រូប នៅតែជាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាចម្បងផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បញ្ហាសុខទុក្ខរបស់កីឡាករ នៅតែអាទិភាពរបស់ FIFA ស្របពេលស្ថាប័នមិនគិតពីប្រាក់កំរ៉ៃមួយនេះ បានកំពុងរងព្យុះភ្លៀងពីស្ថាប័ន និងកីឡាករច្រើន ចំពោះកាលបរិច្ឆេទដ៏មមាញឺកនាពេលថ្មីៗនេះ។ សហព័ន្ធប្រចាំទ្វីបអឺរ៉ុប រួមទាំងក្លិបជាច្រើនបានចោទប្រកាន់ FIFA ថាបានកំពុងគិតតែពីផលប្រយោជន៍ជាជាងសុខមាលភាពកីឡាករ និងមានចេតនាបំផ្លាញលីគផងដែរ។
នៅចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០២៤ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ និងកំពុងប្រកបអាជីពក្នុងក្លិបអង់គ្លេស Manchester City គឺ Rodri ក៏ចូលរួមក្នុងសំឡេងគាំទ្រប្រឆាំងទៅនឹង FIFA ជុំវិញការព្រួយបារម្ភពីសុខភាព ដែលប្រឈមទៅនឹងការប្រកួតដ៏ស្អេកស្កះខ្លាំងពេក ដែលទើបរៀបចំឡើងដោយ FIFA។
Fifpro បានកត់សម្គាល់ថា បណ្តាតំអូញតំអែរទាំងនោះ ភាគច្រើនមកពីតំបន់អឺរ៉ុប ដែលមានដល់ទៅ ៣៩លីគ រួមទាំង Premier League របស់អង់គ្លេសទៀតផង មកពី ៣៣ប្រទេស ស្មើនឹង ១,១៣០ក្លិបសរុប។
ទាក់ទិនទៅនឹងបញ្ហានេះ លោក Infantino បានបង្ហោះភ្ជាប់រូបភាពប្រជុំជាមួយលោក David Aganzo ប្រធានសហព័ន្ធ AFE របស់អេស្ប៉ាញនៅលើបណ្តាញ Instagram ដោយបានសរសេរផងថា «FIFA នៅតែបន្តធ្វើការជាមួយកីឡាករ ដើម្បីធានាបានចំពោះសុខមាលភាពរបស់ពួកគេដដែល និងបន្តធ្វើការជាមួយលោក David ក្នុងការសម្រេចបានគោលដៅនេះ»។
សូមរំលឹកផងថា ការផ្ទុះការរិះគន់នេះដែរ បន្ទាប់ពី FIFA បានសម្រេចបន្ថែមក្រុម (ក្លិប) ពី ៧កើនដល់ ៣២ក្រុម ទៅនឹងក្នុងព្រឹត្តិការណ៍ Club World Cup ដែលនឹងរៀបចំនៅសហរដ្ឋអាមេរិកនាឆ្នាំក្រោយចាប់ពីថ្ងៃទី១៣ ខែកក្កដាតទៅ ដែលត្រូវបានគេមើលឃើញថា មានការឈប់សម្រាកកាន់តែតិចទៅសម្រាប់កីឡាករ៕