(បរទេស)៖ គិតត្រឹមការជួញដូរនៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Netflix ដែលបានចុះបញ្ជីក្នុងទីក្រុង Frankfurt បានកើនឡើងដល់ ៤.៥ភាគរយ។ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីសេវាកម្មស្ទ្រីមរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា អតិថិជនថ្មីរបស់ខ្លួនបានលើសពីការរំពឹងទុករបស់ Wall Street ប្រមាណ ១លាននាក់នៅក្នុងត្រីមាសទី៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុន Netflix បានបង្ហាញថា នៅក្នុងត្រីមាសទី៣ អតិថិជនថ្មីដែលបានជាវសេវាកម្មរបស់ខ្លួនមានចំនួន ៥.១លាននាក់ ពោលគឺលើសពីការរំពឹងទុករបស់ Wall Street ដែលព្យាករណ៍ថានឹងមានចំនួនប្រហែល ៤លាននាក់ប៉ុណ្ណោះ។
គួរជម្រាបថា តម្លៃភាគហ៊ុនរបស់ Netflix គិតត្រឹមប្រកាសនេះ មានតម្លៃ ៦៨៧.៦៥ដុល្លារក្នុងមួយហ៊ុន។ ក្រុមហ៊ុមផ្តល់សេវាកម្មស្រ្ទីមខ្នាតយក្សរបស់អាមេរិកនេះ រំពឹងថានឹងមានកំណើនអតិថិជនកាន់តែច្រើនឡើងក្នុងអំឡុងពេលរដូវវិស្សមកាលខាងមុខ ជាពិសេសជាមួយនឹងការត្រឡប់មកវិញនៃរឿងភាគកូរ៉េដ៏ពេញនិយម «Squid Game»៕