(បរទេស)៖ ប្រភពមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា លោកស្រី Mira Murati ដែលជាអតីតប្រធានផ្នែកបច្ចេកវិទ្យា (CTO) នៅក្រុមហ៊ុន OpenAI កំពុងរៃអង្គាសថវិកាពីអ្នកបណ្តាក់ទុននានា សម្រាប់យកទៅបង្កើតអាជីវកម្ម AI ថ្មី ឬ AI startup ផ្ទាល់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
ប្រភពមួយក្នុងចំណោមប្រភពដែលសុំមិនបញ្ចេញឈ្មោះនោះបានបង្ហើបប្រាប់ថា ក្រុមហ៊ុនថ្មីនេះមានគោលបំណងបង្កើតផលិតផល AI ដោយផ្អែកលើគំរូកម្មសិទ្ធ។ តែយ៉ាងណា នៅមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើលោកស្រី Murati នឹងកាន់តួនាទីជានាយកប្រតិបត្តិ (CEO) នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនថ្មី ឬយ៉ាងណា។ ជុំវិញបញ្ហានេះ តំណាងក្រុមហ៊ុនលោកស្រី Murati បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
យ៉ាងណាមិញ កិច្ចពិភាក្សាបង្កើតអាជីវកម្ម AI ថ្មីនេះ កំពុងស្ថិតក្នុងដំណាក់កាលដំបូង ប៉ុន្តែត្រូវបានគេរំពឹងទុកថាការបណ្តាក់ទុនថ្មីដែលមានលោកស្រី Murati ជាតំណាងដឹកនាំ អាចនឹងប្រមូលប្រាក់បានលើសពី ១០០លានដុល្លារ ដោយសារកេរ្តិ៍ឈ្មោះល្បីល្បាញរបស់នាង។ ប្រភពបានបន្ថែមថា លោក Barret Zoph ដែលជាអ្នកស្រាវជ្រាវដ៏លេចធ្លោម្នាក់ដែលបានចាកចេញពី OpenAI នៅថ្ងៃតែមួយជាមួយលោកស្រី Murati នៅចុងខែកញ្ញា ក៏អាចនឹងចូលរួមក្នុងការបណ្តាក់ទុនថ្មីនេះផងដែរ។
បន្ថែមពីនេះ លោកស្រី Murati កំពុងប្រកាសជ្រើសរើសបុគ្គលិក ហើយក្នុងនោះគេសង្កេតឃើញថា មានបុគ្គលិកនៅ OpenAI ក៏កំពុងចូលរួមជាមួយក្រុមហ៊ុនថ្មីនេះ។
គួរជម្រាបថា លោកស្រី Murati បានបម្រើការងារនៅ OpenAI អស់រយៈពេលជាង ៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ ឆ្នាំ២០២៤។ ខណៈពេលនោះលោកស្រីបានដឹកនាំគម្រោងជាច្រើនជាពិសេសគឺ ChatGPT និង DALL-E។ Murati គឺជាតួអង្គដ៏សំខាន់ក្នុងភាពជាដៃគូដែលកាន់ទឹកប្រាក់រាប់ពាន់លានដុល្លាររវាង OpenAI និង Microsoft៕