(បរទេស)៖ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ប្រឈមមុខនឹងការស៊ើបអង្កេតថ្មីមួយពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិរបស់អាមេរិក (NHTSA) ទាក់ទងនឹងបញ្ហាប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ (FSD) ថាតើវាមានសុវត្ថិភាពក្នុងការប្រើប្រាស់ ក្នុងស្ថានភាពចុះអ័ព្ទ ពន្លឺថ្ងៃខ្លាំង ឬលក្ខខណ្ឌផ្សេងៗបានដែរឬទេ? នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។
ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីមានឧប្បត្តិហេតុមួយដែលអ្នកបើករថយន្ត Tesla បានប្រើប្រាស់ប្រព័ន្ធ FSD បណ្តាលឲ្យមានបញ្ហា និងសម្លាប់អ្នកថ្មើរជើង ព្រមទាំងមានការប៉ះទង្គិចផ្សេងទៀត។ កំណត់ត្រាដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ NHTSA បានបង្ហាញថា គោលបំណងនៃការស៊ើបអង្កេតថ្មីនេះ គឺដើម្បីវាយតម្លៃពីសមត្ថភាពនៃការគ្រប់គ្រងរបស់ប្រព័ន្ធ FSD ក្នុងការរកឃើញនិងឆ្លើយតបយ៉ាងសមស្របទៅនឹងលក្ខខណ្ឌនៃការមើលឃើញផ្លូវមិនច្បាស់ ឬបញ្ហាគាំងណាមួយ។ ជាពិសេសពាក់ព័ន្ធនឹងការអាប់ដេត Software ប្រព័ន្ធ FSD របស់ Tesla ក៏ដូចជាការវាយតម្លៃរបស់ក្រុមហ៊ុន Tesla អំពីផលប៉ះពាល់សុវត្ថិភាព។
យ៉ាងណាមិញ ជុំវិញគម្រោងស៉ើបអង្កេតថ្មីនេះ Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ថ្មីៗនេះក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍មួយដែលនាយកប្រតិបត្តិ Elon Musk បាននិយាយថា Tesla រំពឹងថានឹងមាន «FSD ដែលគ្មានការត្រួតពិនិត្យ» និងដំណើរការនៅក្នុងរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ានៅឆ្នាំក្រោយ ទៅលើរថយន្តអគ្គិសនី Model 3 និង Model Y របស់ក្រុមហ៊ុន៕