(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុពេញ ក្រោយយកឈ្នះក្រុមជម្រើសជាតិ U17 បង់ក្លាដេស ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតដំបូង ក្នុងវគ្គជម្រុះជើងឯកយុវជន U17 ទ្វីបអាស៊ី ឆ្នាំ២០២៥ (AFC U17 Asian Cup 2025) ពូលB នៅរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នេះ ។
ជំនួបដ៏ស្វិតស្វាញនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)ខាងលើ ក្រុមម្ចាស់ផ្ទះ U17 កម្ពុជា បានបាត់បង់សមាជិកម្នាក់ តាំងពីនាទី២៤ គឺកីឡាករ គារ វិសាល ដែលទទួលបានការពិន័យកាតក្រហម ។ ការសល់គ្នាត្រឹម ១០នាទីលើទីលាននេះ បានធ្វើឲ្យក្រុមយុវជន U17 បង់ក្លាដេស មានឱកាសដាក់សម្ពាធជាខ្លាំង តែមិនអាចទម្លាយរបាំងការពារក្រុមគោព្រៃជំទង់បានឡើយ ។
ចូលវគ្គទី២ បង់ក្លាដេស នៅតែព្យាយាមដាក់សម្ពាធដដែល តែត្រូវបានរារាំងជាបន្ដបន្ទាប់ ពិសេសអ្នកចាំទី ម៉ាត់ ហ្វារីន ដែលបានជួយសង្គ្រោះបាល់ជាច្រើន ដើម្បីរក្សា Clean Sheet ពេញ ៩០នាទី ។ អ្វីដែលពិសេស រយៈពេល ៤៥នាទីចុងក្រោយនេះ ម្ចាស់ផ្ទះកម្ពុជា ក៏មានឱកាសស៊ុតផងដែរ ពិសេសនៅចុងម៉ោង ដែលកីឡាករ ថាច់ ដារ៉ូ មានឱកាសអ៊ូសបាល់ក្នុងប្រអប់ទី ហើយស៊ុតបំប៉ោងសំណាញ់ទីបង់ក្លាដេស ១គ្រាប់មុន នៅនាទី៨៥ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះផងដែរ ។
ជ័យជម្នះនេះ នាំឲ្យក្រុមជម្រើសជាតិ U17 កម្ពុជា ឈរលេខ២ ក្នុងពូលបណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុ ស្មើក្រុមកំពូលតារាង U17 ហ្វីលីពីន ដែលបានយកឈ្នះក្រុម U17 ម៉ាកាវ ៧-០ កាលពីល្ងាចមិញ ។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបក្រុមយុវជនម៉ាកាវ នាថ្ងៃទី២១ ខែតុលាដើមសប្ដាហ៍ក្រោយ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដដែល ៕