(ភ្នំពេញ)៖ ពិធីរត់ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានបន្ដដង្ហែនៅខេត្តកំពង់ឆ្នាំង ដោយមានថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣,៥០០នាក់ បានចូលរួមរត់ និងអបអរសាទរពិធីរត់ភ្លើងគប់ដ៏មានសារៈសំខាន់នេះ។
លោក ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានសម្តែងអារម្មណ៍រីករាយជាខ្លាំង ដែលមន្រ្តី កងកម្លាំង និងពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីរត់ភ្លើងគប់កីឡាជាតិនេះ ដើម្បីអបអរសាទរដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ជាផ្លូវការ នាថ្ងៃទី៣០ ខែតុលាខាងមុខ។
ឆ្លៀតឱកាសនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំងសម្រាប់ខេត្តកំពង់ឆ្នាំង ដែលទទួលបានសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ នៃពិធីរត់ភ្លើងគប់ ដើម្បីអបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ លើសពីនេះ លោកក៏បានផ្តាំផ្ញើរទៅកាន់អត្តពលិកតំណាងខេត្តទាំងអស់ ដែលត្រៀមចូលរួមការប្រកួតថ្នាក់ជាតិនេះ ត្រូវតែខិតខំប្រឹងប្រែងប្រកួតឲ្យពីសមត្ថភាព និងគោរពបទបញ្ជានៃការប្រកួត។
យោងតាមរបាយការណ៍លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ បានបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំនេះ ខេត្តត្រៀមប្រតិភូគ្រូ បង្វឹកកីឡាករ-កីឡាការិនី សរុបចំនួន ២៣៣នាក់ លើ ១៦ប្រភេទកីឡា និងកីឡាជាតិជនពិការលេងលើ ៤ប្រភេទកីឡា។ អ្វីដែលពិសេស គឺខេត្តកំពង់ឆ្នាំង នឹងទទួលសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន (កង់គួក និងកង់ភ្នំ) ផងដែរ។
គួរដឹងថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៣ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិ បន្ទាប់ពីខេត្តកែប និងខេត្តព្រះសីហនុ កាលពីថ្មីៗ។ បន្ទាប់មកទៀត ភ្លើងគប់កីឡាជាតិ នឹងបន្ដដង្ហែ នៅខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែតុលា និងចុងក្រោយ ត្រូវដង្ហែចេញពីកន្លែងបើកការដ្ឋានសាងសងគម្រោង «ព្រែកជីកហ្វូណនតេជោ» ឆ្ពោះទៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕