(ភ្នំពេញ)៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ បានឈានដល់ថ្ងៃចុងក្រោយ នៅថ្ងៃទី២០ ខែតុលានេះហើយ ដោយមានកីឡាករ-កីឡាការិនីឆ្នើមៗ នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីព្រឹក រហូតដល់ល្ងាច លើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីប្រជែងមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។
គួររំឮកថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។ ការប្រកួតប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧២២នាក់។
ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួត ២ថ្ងៃកន្លងមក បានរកឃើញកីឡាករ-កីឡាការិនីឆ្នើមៗ ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវប្រកួតកាត់សេចក្ដីរកម្ចាស់មេដាយមាស នៅថ្ងៃទី២០ ខែតុលានេះ ទៅតាមវិញ្ញាសានីមួយៗ ទាំងកម្រិតវិញ្ញាសាប្រយុទ្ធ (អាជីព) វិញ្ញាសាប្រយុទ្ធ (ស្ម័គ្រចិត្ដ) និងវិញ្ញាសាសម្ដែង។
ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតតាមវិញ្ញាសានីមួយៗ៖