(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីបរិច្ចាគឈាមលើកទីបួនរបស់ខ្លួននៅរោងកុន Major Cineplex ផ្សារទំនើប Aeon Mall ភ្នំពេញ ដោយបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសង្គម និងការយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តរបស់បុគ្គលិក អតិថិជន និងសប្បុរសជន ក្នុងការបង្កើតឲ្យមាន ផលវិជ្ជមានដល់អាយុជីវិតរបស់មនុស្សជាច្រើន និងសង្គមជាតិ។
នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅបណ្តាប្រទេសនានា ក្នុង ពិភពលោក តម្រូវការឈាមនៅតែបន្តមានជានិច្ច ។ ជារៀងរាល់ថ្ងៃ មនុស្សជាច្រើនពឹងផ្អែកលើទឹកចិត្តសប្បុរសរបស់សប្បុរសជន ដើម្បីរស់រានមានជីវិតដោយសារគ្រោះថ្នាក់ ការវះកាត់ ឬការប្រយុទ្ធជាមួយជំងឺធ្ងន់ធ្ងរ។ ដោយចូលរួមបរិច្ចាគឈាម យើងមិនត្រឹមតែបរិច្ចាគឈាមប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមដល់អ្នកដែលមានតម្រូវការឈាម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍បានប្រមូលឈាមរាប់រយប្លោក ដោយផ្តល់ជាប្រយោជន៍ដល់មនុស្សជាច្រើននៅតាមមន្ទីរពេទ្យនានាក្នុងប្រទេស។ សម្រាប់កម្មវិធីបរិច្ចាគឈាមលើកទីបួននេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ីឡាយហ្វ៍ អាចប្រមូលឈាមបានយ៉ាងច្រើនរហូតដល់ ៤៨៥ប្លោក លើសពីចំនួនសរុបនៃកម្មវិធីទាំងបីលើកមុនរបស់ក្រុមហ៊ុនរួមបញ្ចូលគ្នាទៅទៀត។ សមីទ្ធិផលនេះបង្ហាញពីក្តីមេត្តា និងការប្តេជ្ញាចិត្តរួមគ្នារបស់អ្នកចូលរួមទាំងអស់។
លោកស្រី Lao Choi Ian អគ្គនាយិកានៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍បានមានប្រសាសន៍ថា «នាងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទំាងអស់គ្នាពិចារណាក្នុងការបរិច្ចាគឈាមនៅក្នុងឆ្នាំនេះ។ ប្រសិនបើអ្នកមានលក្ខខណ្ឌសុខភាពគ្រប់គ្រាន់ក្នុងការបរិច្ចាគឈាម សូមចុះឈ្មោះទាំងអស់គ្នា។ ប្រសិនបើអ្នកទាំងអស់គ្នាមិនអាចបរិច្ចាគបានដោយហេតុផលណាមួយ អ្នកនៅតែអាចជួយតាមរយៈការផ្សព្វផ្សាយទៅកាន់ញាត្តិមិត្តបងប្អូនរបស់អ្នកទាំងអស់គ្នា។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នាសម្រាប់ការលះបង់ និងឆន្ទៈក្នុងការចូលរួមកម្មវិធីដ៏សំខាន់មួយនេះ»។
លោកស្រីបានបន្តថា «ជាមួយគ្នានេះ យើងអាចជួយសង្គ្រោះជីវិត និងជំរុញដល់អ្នកផ្សេងៗទៀតឲ្យចូលរួមបរិច្ចាគឈាមផងដែរ ។ ចូលរួមទាំងអស់គ្នាដើម្បីធ្វើអោយកម្មវិធីបរិច្ចាគឈាមរបស់ក្រុមហ៊ុនអ្នកទាំងអស់គ្នា ជីស៊ី ឡាយហ្វ៍ឆ្នាំនេះទទួលបានជោគជ័យកាន់តែប្រសើរ! សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ការគាំទ្រជាបន្តបន្ទាប់ និងអ្នកបរិច្ចាគឈាមទាំងអស់ដែលបានចូលរួមដើម្បីបុព្វហេតុដ៏ថ្លៃថ្លានេះ»។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍សូមចូលទៅកាន់គេហទំព័រ www.gc-life.com.kh ឬទំនាក់ទំនងមកកាន់លេខ ០២៣ ៩៨៩ ២១៨ ៕