(ភ្នំពេញ)៖ ការអភិវឌ្ឍគឺជាកត្តាសំខាន់បំផុតដែលមិនអាចមើលរំលងបាន ក្នុងប្រទេសមួយប្រសិនបើមិនមានការអភិវឌ្ឍទាល់តែសោះ គឺជារឿងដែលមិនអាចទៅរួចនោះទេ ពោលគឺត្រូវការការអភិវឌ្ឍជាចាំបាច់ ដើម្បីឱ្យមានភាពរីកចម្រើនទៅមុខបន្ថែមពីស្ថានភាពបច្ចុប្បន្នដែលកំពុងមាន ។ ការអភិវឌ្ឍប្រទេសជាតិជាកត្តាដ៏សំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺលទ្ធភាពក្នុងការអភិវឌ្ឍ ដែលសំដៅទៅដល់ស្ថេរភាពសេដ្ឋកិច្ច សេ្ថរភាពនយោបាយ និងស្ថេរភាពហិរញ្ញវត្ថុជាដើម ។
កម្ពុជាយើងមានសេដ្ឋកិច្ចបើកចំហ ដែលអាចអនុញ្ញាតឱ្យគ្រប់អ្នកវិនិយោគ មិនថាក្នុងប្រទេស និងក្រៅប្រទេស អាចធ្វើការវិនិយោគលើគ្រប់វិស័យ ជាពិសេសវិស័យសំខាន់ៗ និងអាទិភាពដូចជា វិស័យកសិកម្ម យានយន្ត អេឡិចត្រូនិច វាយនភណ្ឌ និងសំលៀកបំពាក់ កង់ និងគ្រឿងបង្គុំ គ្រឿងសង្ហារឹម និងផលិតផលធ្វើពីឈើជាដើម ដែលវិស័យទាំងអស់នេះសុទ្ធសឹងតែទទួលបានការលើកទឹកចិត្តក្នុងការវិនិយោគ ក៏ដូចជាការអនុគ្រោះលើការបង់ពន្ធ ។ល។ ដូច្នេះដើម្បីអាចអនុញ្ញាតឱ្យអ្នកវិនិយោគដែលមានគម្រោងវិនិយោគនៅកម្ពុជាអាចអនុវត្តគម្រោងរបស់ខ្លួនបាន ចាំបាច់ណាស់ត្រូវតែស្វែងយល់អំពីនីតិវិធី និងបែបបទនៃកិច្ចដំណើរការអនុវត្តគម្រោង ដើម្បីធានាថាការវិនិយោគទទួលបានការប្រព្រឹត្តទៅដោយស្របច្បាប់ ។
តើដើម្បីអាចវិនិយោគនៅក្នុងប្រទេសកម្ពុជាបាន អ្នកវិនិយោគត្រូវអនុវត្ត និងគោរពតាមបែបបទលក្ខខណ្ឌដូចម្តេចខ្លះ?
សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ
ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទថ្មីមួយទៀតស្តីពី «នីតិវិធីនៃការចុះបញ្ជី និងការអនុវត្តគម្រោងវិនិយោគនៅកម្ពុជា» មកធ្វើការបង្ហាញជូនបងប្អូនសាធារណជន សិស្ស និស្សិត ដើម្បីស្វែងយល់ឱ្យបានលម្អិត ថាតើការអនុវត្តគម្រោងវិនិយោគនៅកម្ពុជាមានលក្ខខណ្ឌដូចម្តេចខ្លះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលហៅកាត់ថា (អ.គ.វ.រ.ខ.) គឺជាស្ថាប័នដែលបំពេញមុខងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពិនិត្យសម្រេចលើគម្រោងវិនិយោគទាំងអស់ដែលស្ថិតក្នុងព្រះរាជាណាចក្រកម្ពុជា ។
គម្រោងវិនិយោគត្រូវបានបែងចែកជា៖
* គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សសេរជាអក្សរកាត់ (គ.ល.គ.) ។
* គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សសេរជាអក្សរកាត់ (គ.ព.គ.ល.គ.) ។
* គម្រោងវិនិយោគដែលទទួលបានត្រឹមការធានាលើការវិនិយោគ សសេរជាអក្សរកាត់ (គ.ធ.វ.) ។
បុគ្គលដែលមានបំណងអនុវត្តគម្រោងទាំងបីខាងលើនេះ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីជាលាយលក្ខណ៍អក្សរនៅ ក.អ.ក. ឬ អ.គ.វ.រ.ខ. ដើម្បីទទួលបាននូវការលើកទឹកចិត្ត និងការធានាការពារដោយអនុលោមតាមច្បាប់ (លើកលែងតែ គ.ធ.វ. ដែលពុំទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ) ប៉ុន្តែអ្នកវិនិយោគត្រូវប្រាកដថាគម្រោងវិនិយោគរបស់ខ្លួនមិនស្ថិតក្នុងសកម្មភាពវិនិយោគ ឬក្រុមសកម្មភាពវិនិយោគដែលមិនទទួលបាននូវការលើកទឹកចិត្ត (ឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា) ហើយសំណើសុំចុះបញ្ជីគម្រោងវិនិយោគនេះក៏អាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មានផងដែរ ។ អ្នកដាក់ពាក្យសុំត្រូវតែជាបុគ្គលដែលអនុវត្តគម្រោង ឬដោយអ្នកតំណាងដែលមានសិទ្ធិ ហើយមានទីតាំងអនុវត្តគម្រោង និងមានទីស្នាក់ការចុះបញ្ជីច្បាស់លាស់នៅកម្ពុជា ។
ចំពោះសំណើសុំចុះបញ្ជីគម្រោងវិនិយោគត្រូវភ្ជាប់ជាមួយនូវព័ត៌មានចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការស្នើសុំឱ្យប្រព្រឹត្តទៅដោយរលូន និងគោរពតាមលក្ខខណ្ឌតម្រូវផ្សេងៗដទៃទៀតដែលបានកំណត់ជាធរមាន (អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា) ។
នៅពេលទទួលបានពាក្យស្នើសុំពីអ្នកដាក់ពាក្យសុំ ក.អ.ក. ឬ អ.គ.វ.រ.ខ. ត្រូវប្រើយន្តការច្រកចេញ-ចូលតែមួយ ដើម្បីធ្វើការពិនិត្យ និងសម្រេចលើពាក្យស្នើសុំនេះ ដោយចេញនូវវិញ្ញាបនបត្រចុះបញ្ជីក្នុងថេរវេលាមិនលើសពី ២០ (ម្ភៃ) ថ្ងៃនៃថ្ងៃការងារ ជូនអ្នកដាក់ពាក្យសុំ ប្រសិនបើបានបំពេញ និងអនុលោមតាមនីតិវិធីបានត្រឹមត្រូវ ប៉ុន្តែនៅក្នុងលក្ខខណ្ឌជាក់ស្តែង ក.អ.ក. ឬ អ.គ.វ.រ.ខ. មានសិទ្ធិពន្យាពេល ឬបដិសេធចំពោះសំណើសុំចុះបញ្ជី ជាលាយលក្ខណ៍អក្សរដល់អ្នកដាក់ពាក្យសុំ ក្រោមមូលហេតុច្បាស់លាស់ដូចជា៖
* ១. សំណើសុំចុះបញ្ជីគម្រោងវិនិយោគមិនអនុលោមតាមនីតិវិធីនៃការចុះបញ្ជី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ឬ
* ២. អ្នកដាក់ពាក្យសុំមិនបានផ្តល់ជូននូវព័ត៌មានគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ ឬ
* ៣. គម្រោងដែលស្នើសុំមានវេទយិតភាពខ្ពស់ ដែលតម្រូវឱ្យមានការសុំយោបល់សម្រេចជាមុនពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាល ។
ក.អ.ក. ឬ អ.គ.វ.រ.ខ. ត្រូវចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់អ្នកដាក់ពាក្យសុំ បន្ទាប់ពីទទួលបានការសម្រេចដោយយន្តការច្រកចេញ-ចូលតែមួយ ។ ចំពោះវិញ្ញាបនបត្រចុះបញ្ជីត្រូវមានភ្ជាប់នូវបារកូដដែលមានលេខសម្គាល់ ឬឃ្យូអរកូដ ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលផ្ទុកព័ត៌មានបឋមមួយចំនួនពាក់ព័ន្ធនឹងគម្រោងវិនិយោគដែលត្រូវចុះបញ្ជី ហើយវិញ្ញាបនបត្រចុះបញ្ជីនេះអាចចេញដោយលិខិតជាលាយលក្ខណ៍អក្សរ តាមរយៈការប្រគល់ដោយផ្ទាល់ដៃ ឬតាមប្រៃសណីយ៍កម្ពុជា ឬតាមទម្រង់អេឡិចត្រូនិក ឬតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលប្រើប្រាស់ជាផ្លូវការដោយ ក.អ.ក. ឬ អ.គ.វ.រ.ខ. ។ គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីស្ថាពរ អាចចាប់ផ្តើមអនុវត្តបានដោយស្វ័យប្រវត្តិ ប៉ុន្តែមិនមែនជាការលើកលែងឱ្យគម្រោងវិនិយោគរួចផុតពីការទទួលនូវលិខិតអនុញ្ញាតតាមការកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិនានាឡើយ ។
ក្រោយពីទទួលបានវិញ្ញាបនបត្រចុះបញ្ជី និងលិខិតអនុញ្ញាតផ្សេងៗវិនិយោគិន អាចអនុវត្តគម្រោងរបស់ខ្លួនបានដោយមានកាតព្វកិច្ចផ្តល់របាយការណ៍ស្តីពី៖ ការនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទុនវិនិយោគ ចំនួនបុគ្គលិក-កម្មករ ស្ថានភាពផលិតកម្ម-ទីផ្សារ និងការអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន សង្គម និងការបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវតាមច្បាប់ជូនទៅ ក.អ.ក. ឬ អ.គ.វ.រ.ខ. ក្នុងរយៈពេល ២០ (ម្ភៃ) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទបិទបញ្ចប់ការប្រកាសពន្ធ របាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នំា ដែលទម្រង់ និងបែបបទលម្អិតនៃគម្រូរបាយការណ៍នេះត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ ក.អ.ក. ឬ អ.គ.វ.រ.ខ. បើពុំដូច្នេះទេនឹងបាត់បង់ការលើកទឹកចិត្ត និងការធានា និងការពារដែលធ្លាប់បានកន្លងមក ក្នុងករណីវិនិយោគិន ខកខានមិនបានផ្តល់របាយការណ៍ត្រឹមត្រូវតាមកាលកំណត់នោះទេ ។
បន្ថែមពីនេះ ប្រសិនបើវិនិយោគិនមានការផ្លាស់ប្តូរនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគ ឬនៅក្នុងលក្ខន្តិកៈរបស់វិនិយោគិនដែលតម្កល់ទុកនៅ ក.អ.ក. ឬ អ.គ.វ.រ.ខ. វិនិយោគិនត្រូវដាក់ពាក្យស្នើសុំការសម្រេចជាលាយលក្ខណ៍អក្សរមក ក.អ.ក. ឬ អ.គ.វ.រ.ខ. ដើម្បីធ្វើការពិនិត្យ និងសម្រេចលើការស្នើសុំនេះតាមនីតិវិធីច្បាប់ ។ ដោយឡែកចំពោះគម្រោងវិនិយោគដែលត្រូវបានលុប ឬបិទ ឬផ្អាក ដោយពុំបានអនុវត្តតាមនីតិវិធីជាធរមាន មិនត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីគម្រោងវិនិយោគជាថ្មីទេ ហើយចំពោះគម្រោងវិនិយោគដែលស្នើសុំចុះបញ្ជីទាំងឡាយណាដែលត្រូវបានរកឃើញថា ធ្លាប់ត្រូវបានលុប ឬបិទដោយចេតនាចៀសវាង ឬគេចវេះពន្ធ ក៏ពុំត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាថ្មីបាននោះដែរ ។
ដូចនេះ ដើម្បីអាចធ្វើការស្នើសុំចុះបញ្ជីគម្រោងវិនិយោគ និងការអនុវត្តគម្រោងវិនិយោគអាចប្រព្រឹត្តទៅបានដោយរលូន ក្រៅពីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយនោះ វិនិយោគិនត្រូវតែគោរពឱ្យខានតែបាននូវការអនុវត្តតាមនីតិវិធី និងលក្ខខណ្ឌបែបបទតម្រូវមួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ក.អ.ក. ឬ អ.គ.វ.រ.ខ. នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវភាពស្របច្បាប់ និងស្ថេរភាពនៃដំណើរការអនុវត្តគម្រោងវិនិយោគ ចៀសវាងមានកំហុសណាមួយ ឬបានអនុវត្តផ្ទុយពីនីតិវិធីជាធរមាន ដែលនាំឱ្យខាតបង់អត្ថប្រយោជន៍ដែលទទួលបាន ឬពុំអាចស្នើសុំចុះបញ្ជីវិនិយោគជាថ្មីបានម្តងទៀត ។ បន្ថែមពីនោះ វិនិយោគិនគួរតែពិចារណាក្នុងការវិនិយោគលើវិស័យមួយចំនួន ដែលកម្ពុជាបានចាត់ទុកវិស័យទាំងនោះជាអាទិភាព ដើម្បីទទួលបាននូវការលើកទឹកចិត្ត ព្រមទាំងការអនុគ្រោះផ្សេងៗចំពោះគម្រោងវិនិយោគដែលជាវិស័យអាទិភាពទាំងនោះផងដែរ ៕
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ
អត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm