(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម U17 ម៉ាកាវ នាវេលាម៉ោង ៧យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ ក្នុងការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី ឆ្នាំ២០២៥ (AFC U17 Asian Cup 2025) ពូលB នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
នេះគឺជាការប្រកួតទី២ ក្នុងពូលB ក្រោយប្រកួតបើកឆាកម្ចាស់ផ្ទះកម្ពុជា បានធ្វើការងារយ៉ាងធ្ងន់ជាមួយក្រុមជម្រើសជាតិ U17 បង់ក្លាដេស ដោយបានយកឈ្នះក្រុមខ្លាំងមកពីអាស៊ីខាងត្បូងនេះ ដោយលទ្ធផល ១-០ នៅចុងម៉ោង ទាំងសល់គ្នាត្រឹម ១០នាក់លើទីលាន តាំងពីនាទី២៤ កាលពីចុងសប្ដាហ៍កន្លងទៅ។
ដោយឡែកការប្រកួតដំបូងរបស់ក្រុមយុវជនម៉ាកាវវិញ គឺបានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមជម្រើសជាតិ U17 ហ្វីលីពីន ក្នុងលទ្ធផល ៧-០ ។ ដូច្នេះការប្រកួតល្ងាចនេះ អ្នកគាំទ្របានដាក់ក្ដីសង្ឃឹមលើក្រុមគោព្រៃជំទង់កម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Gyotoku នឹងបន្ដធ្វើបានល្អ ដើម្បីទទួលបាន ៣ពិន្ទុបន្ថែម និងរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។
យ៉ាងណាមុនឈានដល់ការប្រកួត រវាងក្រុមម្ចាស់ផ្ទះ U17 កម្ពុជា និងម៉ាកាវ ក៏នឹងមានការប្រកួត រវាងក្រុម U17 ហ្វីលីពីន និងក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន ផងដែរ ។ នេះគឺជាការប្រកួតដំបូងរបស់ក្រុមយុវជនអាហ្វហ្គានីស្ថាន មុនត្រូវជួបក្រុមគោព្រៃជំទង់កម្ពុជា នាថ្ងៃទី២៥ ខែតុលាខាងមុខ៕