(មេនឆេស្ទើ)៖ មេឃខៀវ Manchester City បានវាយបកយកឈ្នះ ២-១ វិញទៅលើម្ចាស់ផ្ទះ Wolverhamton Wanderers នៅរាត្រីថ្ងៃអាទិត្យ ទី២០ ខែតុលា ដើម្បីបន្តក្តោបក្តាប់កំណត់ត្រាលេង ៨ប្រកួតក្នុងលីគ Premier League នារដូវកាលឆ្នាំ២០២៤-២០២៥ មិនទាន់ចាញ់ដដែល។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Molineux ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជាង ៣ម៉ឺនាក់ផងនោះ កីឡាករ Larsen ជាអ្នករកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះត្រឹមចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះ នៅមុនពេល Doku បោះបាល់ឱ្យ Gvardiol បញ្ចប់ទីតាមស្មើវិញ នៅចុងម៉ោងនៃវគ្គទី១។
Man City ដែលជាជើងឯកលីគ ៤សម័យកាលចុងក្រោយជាប់ៗនេះ បន្តរកបានជ័យជម្នះជាលើកទី៦ របស់ពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់លោក Pep Guardiola តាំងពីឆ្នាំ២០១៦ មកនោះ ពីការតែតបញ្ចូលទីបានសម្រេចនៅនាទី៩៥ របស់ខ្សែការពារ John Stones នៅពេលទទួលបាល់លើកចេញពីជ្រុងរបស់ Phil Foden។
តាមរយៈ ៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យពួកគេលេង ៨ប្រកួតជើងទី១ មិនចាញ់ឡើយ ក្រៅពីស្មើ ២ដង ដោយមាន ២០ពិន្ទុ តាមពីក្រោយ Liverpool ដែលឈរទីកំពូលតារាងត្រឹម ១ពិន្ទុ ស្របពេល Wolves បន្តឈរតារាងក្នុងចំណោម ២០ក្រុម មិនទាន់ឈ្នះ មានតែ ១ពិន្ទុប៉ុណ្ណោះ៕