(ភ្នំពេញ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះ បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នៃដើមកោងកាង ដោយបានដាំកូនដើមកោងកាងចំនួន២០២៤ដើម ក្នុងសហគមន៍នេសាទត្រពាំងរពៅក្នុងខេត្តកំពត។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែង របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានគោលបំណងស្តារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។
ព្រៃកោងកាងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា ផ្តល់ជម្រកដល់ជីវៈចម្រុះដែលជួយបង្កើនជីវភាពដល់ប្រជាជននៅក្នុងសហគមន៍។ ព្រៃកោងកាង គឺជាជម្រក និងកន្លែងបង្កាត់ពូជដ៏មានសារសំខាន់សម្រាប់ត្រី ក្តាម និងសត្វផ្សេងៗទៀតព្រមទាំងជាទីកន្លែងសម្រាប់អេកូទេសចរណ៍ផងដែរ។ ព្រៃកោងកាងទាំងនេះ ក៏ដើរតួយ៉ាងសំខាន់ ទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុដោយស្រូបយកឧស្ម័នកាបូនិក និងជួបទប់ស្កាត់ការហូរច្រោះនៃដី ទឹកជំនន់ និងខ្យល់ព្យុះថែមទៀតផង។
មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា «យើងមានក្តីរីករាយគាំទ្រដល់ការស្តារឡើងវិញ នៃព្រៃកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅនៅទីនេះដែលជាប្រព័ន្ធអេកូឡូស៊ីដ៏មានសារសំខាន់សម្រាប់សហគមន៍នេសាទ។ ដោយបានខិតខំសាមគ្គីគ្នា យើងមិនត្រឹមតែស្តារដើមកោងកាងឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់ធម្មជាតិ និងសហគមន៍ដើម្បីអនាគតប្រកបដោយសុខដុមរមនាផងដែរ»។
កម្មវិធីនោះ មានបុគ្គលិក និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់ បានចូលរួមដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបញ្ជាក់អំពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការការពាររបរិស្ថានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់អំពីការប្តេជ្ញាចិត្តគាំទ្រដល់ទស្សនវិស័យជាតិរបស់ប្រទេសកម្ពុជាដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ផងដែរ។ គំនិតផ្តួចផ្តើមនេះ ក៏ស្របទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិចំណុចទី១៤ ដែលបញ្ជាក់អំពី «ជីវិតក្រោមទឹក» ដែលមានគោលបំណងអភិរក្ស និងប្រើប្រាស់មហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបនិរន្តរភាព។
មានមតិអំពីគំនិតផ្តួចផ្តើមនេះ លោក ជា សេន ប្រធានស្តីទីសហគមន៍ត្រពាំងរពៅ បានឱ្យដឹងថា «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្ររបស់ណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះ មានសារសំខាន់ណាស់សម្រាប់សហគមន៍របស់យើងដោយវាជួយស្តារប្រព័ន្ធអេកូឡូស៊ីនៃដើមកោងកាងឡើងវិញ និងជួយធ្វើឱ្យជីវភាពនៃការនេសាទ របស់យើងមានភាពប្រសើរឡើង»។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំអ្នកចូលរួមប្រមាណ ២០០ នាក់ដាំកូនឈើចំនួន ៧០០ ដើមក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីយ៉ាងសកម្មដល់បុគ្គលិកស្ម័គ្រចិត្ត និងសហគមន៍ឱ្យចូលរួមថែរក្សាបរិស្ថាន និងអនុវត្តដើម្បីនិរន្តរភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៤៥.២៩១ តាមរយៈសកម្មភាពចំនួន ១៥៧៕