(ភ្នំពេញ)៖ ភ្នំពេញក្រោន បានក្លាយជាក្រុមបាល់ទាត់តែមួយគត់ ដែលឈ្នះ ៧ប្រកួតជាប់ៗគ្នា ក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជា (CPL) ឆ្នាំ២០២៤/២៥ បន្ទាប់ពីបន្ដយកឈ្នះក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ៤-៣ លើទឹកដីរបស់ខ្លួនកាលពីរាត្រីថ្ងៃអាទិត្យ។
ទន្ទឹមជាមួយការរបូត ៣ពិន្ទុលើទឹកដីក្រុមសិង្ហក្រហមនេះដែរ បានធ្វើឲ្យលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការសោកស្ដាយជាខ្លាំង ស្របពេលក្រុមខ្លួនធ្វើបានល្អ ទាំងការគ្រប់គ្រងបាល់ជាដើម តែបែរជាត្រូវរងបរាជ័យ។ យ៉ាងណាមិញលោកក៏បានទទួលស្គាល់នូវការបង្កើតកំហុសរបស់ក្រុមខ្លួនផងដែរ។
បុរសជនជាតិអេស្ប៉ាញរូបនេះ បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា ប៉ះភ្នំពេញក្រោនយប់មិញ ក៏មិនខុសពីការប្រកួតជាមួយវិសាខា ក៏ដូចជាក្រុម BG Pathum កាលពីថ្មីៗដែរ ក្រុមខ្លួនធ្វើបានល្អ ទាំងការគ្រប់គ្រងបាល់ និងការបបង្កើតឱកាសជាច្រើន តែចុងក្រោយលទ្ធផលបែរជាមិនគាប់ប្រសើរទៅវិញ។
លោក Pep ថា «សម្រាប់យើងអ្វីដែលជាចំណុចខ្សោយថ្ងៃនេះ ពាក់ព័ន្ធនឹងស្ថានភាពក្នុងប្រអប់ បានន័យថា ទាំងប្រយុទ្ធ និងការពារ។ នៅពេលយើងប្រយុទ្ធ យើងមានឱកាសច្រើន ពិសេស ៣០នាទីដំបូង តែបែរជាភ្នំពេញក្រោន រកបាន ២គ្រាប់មុនទៅវិញ ។ ខ្ញុំអត់ដឹងថា ភ្នំពេញក្រោន បង្កើតឱកាសបានប៉ុន្មានដងទេ។ ប៉ុន្ដែសម្រាប់នៅក្នុងប្រអប់ការពារវិញ យើងបាននិយាយប្រាប់កីឡាករ ពិសេសក្នុងតង់ទី១ គឺយើងការពារអស់សូវបានល្អ នៅពេលភ្នំពេញក្រោនប្រយុទ្ធក្នុងប្រអប់ទីរបស់យើង ហើយពេលយើងប្រយុទ្ធចូលប្រអប់ទីភ្នំពេញក្រោនវិញ គឺស្ថានភាពមួយចំនួន យើធ្វើអត់បានល្អ»។
គួរដឹងថា ជំនួបដ៏ជក់ចិត្តដែលមានអ្នកទស្សនាជាង ៤ពាន់នាក់ កាលពីយប់មិញ វគ្គទី១ Ofufu រកបាន ២គ្រាប់ឲ្យភ្នំពេញក្រោន នាំមុខក្រុមការពារតំណែងជើងឯក មុនព្រះខ័នរាជស្វាយរៀង វាយបកតាមស្មើ ២-២ ដោយកីឡាករ មិន រតនៈ និង Pablo ម្នាក់ ១គ្រាប់ ។ ចូលវគ្គទី២ ភ្នំពេញក្រោន បានបើកការនាំមុខជាថ្មី ដោយកីឡាករ Jelle នៅនាទី៦១ តែ ២នាទីក្រោយមកក្រុមភ្ញៀវ ក៏តាមស្មើជាថ្មី ដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៦៣ រហូតដល់នាទី៧៩ ទើបកីឡាករ Gayoso Augustine បន្ថែមគ្រាប់ទី៤ ឲ្យភ្នំពេញក្រោន និងជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះតែម្ដង។
បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាង ក្រោយឆ្លងកាត់ ៧ប្រកួតឈ្នះទាំង ៧ប្រកួត រកបាន ២១ពិន្ទុពេញ តាមពីក្រោយដោយក្រុមវិសាខា មាន ១៨ពិន្ទុ, អង្គរថាយហ្គឺរ មាន ១៦ពិន្ទុ, ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ មាន ១២ពិន្ទុស្មើគ្នា គ្រាដែលបឹងកេត និង ISI ដង្កោសែនជ័យ មាន ១០ពិន្ទុស្មើគ្នា៕