(បរទេស)៖ នៅក្នុងអំឡុងខែសីហា ឆ្នាំ១៩៩៧ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានជិតឈានដល់ដំណាក់កាលចុងក្រោយ ពោលគឺក្ស័យធន ប៉ុន្តែនៅពេលនេះ Apple បានជួបរឿងដែលនឹកស្មានមិនដល់មួយគឺលោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាគូរប្រជែងរបស់ Apple បានបោះទុនវិនិយោគនូវទឹកប្រាក់ ១៥០លានដុល្លារ ដើម្បីជួយសង្គ្រោះពីការក្ស័យធន។ ការវិនិយោគនេះត្រូវបានចាត់ទុកថាជាពេលវេលាដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យា។
នៅពេលនោះ Apple កំពុងជួបការលំបាកដោយសារតែការសម្រេចចិត្តអាជីវកម្មមិនល្អជាបន្តបន្ទាប់ រួមទាំងការបណ្តេញសហស្ថាបនិក គឺលោក Steve Jobs ចេញពីក្រុមហ៊ុន។ Apple បានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយត្រូវការដើមទុន ដើម្បីបន្តប្រតិបត្តិការ ប៉ុន្តែគ្មានសង្ឃឹមថានឹងអាចបន្តបានទៀតឡើយ ដោយសារតែដើមទុនត្រូវបានចំណាយអស់។ ការវិនិយោគពីក្រុមហ៊ុន Microsoft បានផ្តល់នូវជីវិតថ្មីដល់ Apple បានជួយឱ្យ Apple រក្សាស្ថិរភាព និងចុងក្រោយបង្កើតខ្សែផលិតផលរបស់ខ្លួន រហូតទទួលបានជោគជ័យ ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខលំដាប់កំពូលនៅលើពិភពលោក។
តើការវិនិយោគ ១៥០លានដុល្លារពីសំណាក់លោក Bill Gates មានអ្វីប្រែប្រួលខ្លះសម្រាប់ក្រុមហ៊ុនទាំងពីរ?
១) សម្រាប់ក្រុមហ៊ុន Microsoft
ក្រោយពីលោក Bill Gates បានវិនិយោគ ១៥០លានដុល្លារ ក្រុមហ៊ុន Apple បានដកពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Microsoft ទាក់ទងនឹងការចោទប្រកាន់ទៅលើ «ភាពស្រដៀងគ្នា» រវាង Mac OS និង Windows។ ក្រុមហ៊ុន Microsoft បានប្តេជ្ញាចិត្តគាំទ្រកម្មវិធី Office សម្រាប់ Mac សម្រាប់រយៈពេលប្រាំឆ្នាំ។ ក្រុមហ៊ុន Microsoft បានរួចផុសពីការស៊ើបអង្កេតប្រឆាំងនឹងការទុកចិត្ត ព្រោះការវិនិយោគនេះបានបង្ហាញថា ក្រុមហ៊ុន Microsoft ជាដៃគូប្រកួតប្រជែងដ៏សប្បុរស ជាជាងក្រុមហ៊ុនផ្តាច់មុខ។
២) ចំពោះក្រុមហ៊ុន Apple
ទទួលបានប្រាក់ដើមទុនដើម្បីបន្តប្រតិបត្តិការ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Apple បានអនុញ្ញាតឱ្យលោក Steve Jobs ត្រឡប់មកដឹកនាំ Apple វិញ និងបានអនុញ្ញាតឱ្យលោកអនុវត្តចក្ខុវិស័យរបស់គាត់សម្រាប់ក្រុមហ៊ុន។ ជាលទ្ធផលគឺ Apple ទទួលបានជោគជ័យខ្លាំង រហូតក្លាយជាក្រុមហ៊ុន Big Tech របស់អាមេរិក។
នៅក្នុងកិច្ចព្រមមួយបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Apple និង Microsoft បានយល់ព្រម និងឯកភាពគ្នាដោយកំណត់ថា «ជាគូប្រជែងជាប្រវត្តិសាស្ត្រ»។ វាន័យថា ក្រុមហ៊ុនទាំងពីរគឺប្រកួតប្រជែងគ្នាលុះក្ស័យ ប៉ុន្តែត្រូវបោះបង់ចោលគំនិតដែលថា «Apple ឈ្នះ, Microsoft ចាញ់ ឬ Microsoft ឈ្នះ, Apple ចាញ់»។
តើលោក Bill Gates ពិតជាបានស្ម័គ្រចិត្តបោះទុន ១៥០លានដុល្លារក្នុងការជួយ Apple ឱ្យរួចផុតពីការក្ស័យធនមែនឬទេ?
នៅក្នុងសន្និសីទបច្ចេកវិទ្យាឆ្នាំ ២០០៧ លោក Steve Jobs បានសារភាពថា «Apple ធ្លាប់ជួបបញ្ហាធ្ងន់ធ្ងរ» ហើយ Bill Gates ជាអ្នកជួយ។ លោក Jobs បានបន្តទៀតថា នៅក្នុងអំឡុងឆ្នាំ១៩៩៧ លោកត្រូវបាន Apple ហៅត្រឡប់ឱ្យមកដឹកនាំវិញ ហើយលោកក៏រកឃើញភ្លាមថា Apple កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ នៅពេលនោះលោកក៏នឹកឃើញដល់ Bill Gates មុនគេ។ លោកបានបញ្ជាក់ថា លោកបានទូរស័ព្ទទៅកាន់ Bill Gates និងបានពិភាក្សាគ្នា រហូតអាចសង្គ្រោះ Apple ឡើងវិញ ប៉ុន្តែ Microsoft បានជួយត្រឹមតែហិរញ្ញវត្ថុប៉ុណ្ណោះ។
លោក Steve Jobs បានសង្កត់ធ្ងន់ថា Apple និង Microsoft គឺជាសត្រូវដ៏សហាវជាមួយគ្នា ប៉ុន្តែយើងអាចប្ដូរមកជាគូរប្រកួតប្រជែងគ្នានៅក្នុងវិស័យតែមួយវិញបាន។ ការធ្វើបែបនេះគឺវាជំរុញឱ្យក្រុមហ៊ុនទាំងពីរខិតខំប្រឹងប្រែងបង្កើតនូវអ្វីដែលថ្មី និងអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ និងសម្រាប់ពិភពលោក ហើយត្រូវចេះសាទរនៅពេលដែលគូរប្រជែងយើងសម្រេចបានសមិទ្ធិផលថ្មី។
ជាចុងក្រោយ លោក Steve Jobs បានពោលពាក្យមួយឃ្លាទៅកាន់ Bill Gates ថា «អរគុណសម្រាប់ការជួយរបស់អ្នក Bill» ។
ការវិនិយោគរបស់ Gates មិនត្រឹមតែជួយ Apple ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យា ដែលមានលក្ខណៈប្រកួតប្រជែង និងសហការគ្នាដែលនឹងកំណត់ឧស្សាហកម្មជាច្រើនទសវត្សរ៍។ សព្វថ្ងៃនេះ ក្រុមហ៊ុនទាំងពីរស្ថិតក្នុងចំណោមក្រុមហ៊ុនដ៏មានតម្លៃបំផុតក្នុងពិភពលោក ដែលបង្ហាញពីរបៀបដែលភាពជាដៃគូយុទ្ធសាស្ត្រអាចនាំទៅរកផលប្រយោជន៍ទៅវិញទៅមក សូម្បីតែក្នុងចំណោមគូប្រជែងក៏ដោយ៕