(បរទេស)៖ យោងតាមការចេញផ្សាយដោយ South China Morning Post បានឲ្យដឹងថា យីហោស្មាតហ្វូនរបស់ចិន Vivo បានកាន់កាប់តំណែងលេខ១ ជាលើកដំបូង ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា សម្រាប់ត្រីមាសទី៣នេះ ក្រោយនាំមុខក្រុមហ៊ុន Xiaomi និង Samsung Electronics ដែលសុទ្ធសឹងតែជាក្រុមហ៊ុននាំមុខគេប្រចាំតំបន់។
បើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Canalys នាពេលថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុន Vivo បាននាំចេញស្មាតហ្វូនចំណួន ៩.១លានគ្រឿងនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល៣ខែ ដែលជាការកើនឡើង២៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងដណ្តើមបានចំណែកទីផ្សារ ១៩%។ ងាកមកក្រុមហ៊ុន Xiaomi វិញ ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងការនាំចេញចំនួន ៧.៨ លានគ្រឿង ដែលស្មើនឹង ១៧% នៃទីផ្សារ ហើយតាមពីក្រោយដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung ធ្លាក់មកនៅតំណែងលេខ៣ ជាមួយចំណែកទីផ្សារ ១៦% ជាមួយនឹងចំនួននាំចេញស្មាតហ្វូនបាន ៧.៥លានគ្រឿង។ Oppo ដែលជាប់ចំណាត់ថ្នាក់ទី៤ សម្រាប់ត្រីមាសទី៣នេះ ដែលជាម៉ាកយីហោរីកលូតលាស់លឿនបំផុតនៅក្នុងក្រុមហ៊ុនកំពូលទាំង៥ ដែលការនាំចេញបានកើនឡើង ៤៣ភាគរយ ដល់ ៦.៣ លានគ្រឿង ដោយដណ្តើមបាន១៣ភាគរយនៃទីផ្សារ។
គួរជម្រាបថា ការនាំចេញស្មាតហ្វូនក្នុងទីផ្សារប្រទេសឥណ្ឌាមានការកើនឡើងប្រមាណ ៩% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំដែលមានចំនួនសរុបប្រមាណ ៤៧.១ លានគ្រឿងក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។