(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ប្រទេសឥណ្ឌាគ្រោងនឹងដាក់កំហិតលើការនាំចូលកុំព្យូទ័រយួរដៃ រួមទាំង MacBook Pro របស់ Apple ខណៈដែលរដ្ឋាភិបាលប្រទេសនេះចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ជំរុញការផលិតក្នងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។
ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយ បច្ចុប្បន្នក្រុមហ៊ុនយក្ស Apple ផ្តោតតែលើការផលិត និងដំឡើង iPhone នៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ ដោយឡែកសម្រាប់ប្រភេទកុំព្យូរទ័ ឬថេប្លេតនៅមិនទាន់មាននោះទេ។ ខណៈការផលិត និងលក់នៅក្នុងស្រុកនោះ គឺបានតម្លៃសមរម្យជាង បើធៀបនឹងផលិតផលនាំចូល ដូច្នេះហើយទើបបានជា ឥណ្ឌាបង្កើនការជម្រុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទៅផលិតនៅទីនោះ។
យ៉ាងណាផែនការនេះ គឺស្រដៀងគ្នាទៅនឹងការរឹតបន្តឹងលើការនាំចូលផលិតផលកុំព្យូរព័យួរដៃដែលត្រូវបានស្នើឡើងកាលពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលបានពន្យាពេលវា បន្ទាប់ពីការតវ៉ាពី Apple និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលទទួលបានពីប្រភពមិនបង្ហាញឈ្មោះក្នុងជួររដ្ឋាភិបាលបាននិយាយថា ប្រទេសឥណ្ឌា គ្រោងនឹងបើកការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន Apple និង ក្រុមហ៊ុនផ្សេងទៀតចាប់ពីចុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។
គួរជម្រាបថា ការរឹតបន្តឹងថ្មីនេះ មានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាលើបច្ចេកវិទ្យានាំចូល ពិសេសប្រទេសចិន ដែលបច្ចុប្បន្នមានប្រហែលពីរភាគបី នៃទីផ្សារផ្នែក IT របស់ខ្លួន។ រដ្ឋាភិបាលឥណ្ឌា ជឿជាក់ថាឧស្សាហកម្មនេះមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្របទៅនឹងតម្រូវការដែលជំរុញផលិតកម្មក្នុងស្រុក៕