(ភ្នំពេញ)៖ ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី៦ នៅក្នុងប្រទេសកាណាដា និងជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA បានចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូល រវាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងអ្នកតំណាងមកពីវិស័យឯកជន និងបណ្ដាវិនិយោគិនកាណាដា កាលពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងបេសកកម្មគោះទ្វារវិនិយោគ នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីបង្ហាញពីសក្ដានុពលវិនិយោគរបស់កម្ពុជា ដល់បណ្ដាវិនិយោគិននានា។
ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខ ដែលមានវត្តមានយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា ធនាគារជាតិកាណាដា បានដើរតួនាទីក្នុងការសម្របសម្រួលវេទិកាពិភាក្សានេះ ដោយមានការចូលរួមពីអ្នកតំណាងរបស់ធនាគារ ABA ផងដែរ។
ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនេះ លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា នៅទីស្នាក់ការកណ្ដាលថ្មីរបស់ធនាគារ ស្ថិតក្នុងទីក្រុងម៉ង់រ៉េអាល់។
ជំនួបនាឱកាសនោះ បានបង្ហាញពីបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា និងសារៈសំខាន់ជាយុទ្ធសាស្ដ្ររបស់កម្ពុជា សម្រាប់វិនិយោគិនបរទេស។ លោក ស៊ុន ចាន់ថុល បានកោតសរសើរចំពោះការបន្តវិនិយោគរបស់ធនាគារជាតិកាណាដា និងធនាគារ ABA ដែលកំពុងដំណើរការទៅដោយរលូននៅប្រទេសកម្ពុជា។
លោកក៏បានលើកឡើងអំពី ការលើកទឹកចិត្តវិនិយោគដែលមានលក្ខណៈអំណោយផល ស្របតាមច្បាប់និងគតិយុត្តិពាក់ព័ន្ធរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែង ជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងហេដ្ឋារចនាសម្ពន្ធ និងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ កត្តាទាំងនេះ បានធ្វើឲ្យកម្ពុជា នៅតែជាគោលដៅដ៏ទាក់ទាញ សម្រាប់បណ្ដាអ្នកវិនិយោគនៅគ្រប់វិស័យ។
លោក Laurent Ferreira បានថ្លែងថា «យើងខ្ញុំនៅធនាគារជាតិកាណាដា បន្ដគាំទ្រដល់ការរីកចម្រើនរបស់ធនាគារ ABA ក្រោមសក្តានុពលសេដ្ឋកិច្ចដ៏គួរឲ្យទាក់ទាញ និងមូលដ្ឋានគ្រឹះ ដ៏រឹងមាំ»។
លោកបានបន្ថែមថា «ABA គឺគំរូជោគជ័យដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់យើងខ្ញុំចំពោះប្រទេសកម្ពុជា ហើយយើងខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់ ABA ក្នុងការបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ ប្រទេសកម្ពុជា»។
បន្ថែមពីនេះ គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council- CABC) និងធនាគារជាតិកាណាដា។
កិច្ចពិភាក្សានេះ បានក្លាយជាវេទិកាមួយក្នុង ការជម្រាបជូនអ្នកតំណាងមកពីវិស័យរដ្ឋ និងឯកជនសំខាន់ៗរបស់កាណាដា អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងផ្តល់កិច្ចសហការដែលអាចមានសម្រាប់ធុរកិច្ចកាណាដា។
ធនាគារ ABA បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយប្រតិបត្តិការធុរកិច្ចរបស់ខ្លួន បានបង្កើតឱកាសការងារ និងវឌ្ឍនភាពជាបន្ដបន្ទាប់ទៅក្នុងវិស័យធនាគារ។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែកញ្ញា ឆ្នាំ 2024 ធនាគារ ABA បានទទួលដើមទុនបន្ថែម 220 លានដុល្លារ ពីធនាគារជាតិកាណាដា។
ការបង្កើនដើមទុននេះ បង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ភាគហ៊ុនិក ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលពួកគាត់តែងតែបន្ដបង្វិលប្រាក់ចំណេញទាំងអស់របស់ខ្លួន ដាក់ចូលក្នុងអេកូស៊ីស្ទែម ABA វិញ ដោយផ្តោតលើវឌ្ឍនភាពបន្តនៃបច្ចេកវិទ្យាទំនើបៗ និងការអភិវឌ្ឍជាបន្តបន្ទាប់លើធនធានមនុស្សរបស់ធនាគារ។
ក្នុងចំណោមបណ្តាអាទិភាពចម្បងរបស់ខ្លួន ABA នឹងវិនិយោគនៅក្នុងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ ដែលនឹងពង្រឹងសេវាធនាគារឌីជីថល និងគាំទ្រដល់ភាពរីកចម្រើន របស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ ដោយផ្តោតលើអាទិភាពទាំងនេះ ABA មាន គោលបំណងផ្ដល់អានុភាព ដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ។
កំណើនគួរឲ្យកត់សម្គាល់របស់ធនាគារ ABA ដែលសម្រេចបាន មិនមែនអាស្រ័យលើត្រឹមហិរញ្ញវត្ថុរឹងមាំ និងនវានុវត្តន៍ផ្នែក បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការប្តេជ្ញាចិត្ត ឥតងាករេរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាមួយការបង្កើតឱកាសការងារជាង៩,៣០០ ធនាគារផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និង លើកកម្ពស់វប្បធម៌នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ABA មានមោទនភាពយ៉ាងក្រៃលែងចំពោះជំនួបថ្មីៗនេះរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជាមួយធនាគារជាតិកាណាដា និងបណ្ដាវិនិយោគិន នៅក្នុងប្រទេសកាណាដា ដោយពង្រឹងបន្ថែមទៀត លើការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈសេវាកម្មធនាគារទំនើបៗ និងការបន្ដវិនិយោគសម្រាប់អនាគត ប្រកបដោយសុទិដ្ឋិនិយមរបស់ប្រទេស។
សូមជម្រាបថា ធនាគារជាតិកាណាដា គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានទ្រព្យសកម្មប្រមាណ 329 ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងមានបណ្តាញធនាគារ ឆ្លងតំបន់ដ៏ធំនៅទូទាំងពិភពលោក។ ធនាគារជាតិកាណាដាទទួលបានការវាយតម្លៃឥណទានពីភ្នាក់ងារវាយតម្លៃនាំមុខក្នុងពិភពលោក មានដូចជា៖ "A" ពី S&P "A+" ពី Fitch និង "A1" ពី Moody's ។
ធនាគារជាតិកាណាដាមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ុងរ៉េអាល់ ហើយមានសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេសកាណាដា ដែលបម្រើអតិថិជនចំនួន 2.8 លាននាក់។ ធនាគារជាតិកាណាដា គឺជាធនាគារធំជាងគេទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅក្នុងទីក្រុងកេបិច ដែលជាជម្រើសដៃគូនៃក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។
មូលបត្ររបស់ធនាគារត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនតូរ៉ុនតូ (TSX: NA)។ អតិថិជននៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោក បានបម្រើតាមរយៈបណ្តាញនៃការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងភាពជាដៃគូ៕