(បរទេស)៖ កីឡាការិនីបាល់ទាត់អាជីពជាង ១០០នាក់ បានចុះហត្ថលេខាលើលិខិតចំហរមួយ ស្នើដល់សហព័ន្ធ FIFA ក្នុងការបញ្ចប់កិច្ចសន្យា ក្នុងនាមជាមួយដៃគូឧបត្ថម្ភជាមួយ Aramco ដែលជាក្រុមហ៊ុនរដ្ឋដ៏ធំមួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កាលពីដើមឆ្នាំ២០២៤ នេះ FIFA បានប្រកាសពីកិច្ចព្រមព្រៀងក្នុងនាមជាដៃគូឧបត្ថម្ភផ្លូវការជាមួយក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត ដែលមានសុពលភាពដល់ឆ្នាំ២០២៧ ក្នុងនាមជាដៃគូឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ និង Women’s World Cup នៅឆ្នាំបន្ទាប់ផងដែរ។
យ៉ាងនេះក្តី កីឡាការិនីជាច្រើននាក់មកពី ២៤ប្រទេសផ្សេងគ្នាបានមើលឃើញថា «កិច្ចព្រមព្រៀងនេះ គឺស្ថិតក្នុងបរិយាកាសបំផ្លាញកីឡាទៅវិញ» និងបានស្មើដល់ FIFA គិតឡើងវិញពីបញ្ហាសិទ្ធិមនុស្ស និងបរិស្ថានផងដែរ។
ក្នុងរយៈពេលចុងក្រោយនេះ អារ៉ាប៊ីសាអូឌីតបានចាក់បញ្ចូលលុយចូលទៅក្នុងវិស័យកីឡាខ្លាំងណាស់ ដ្បិតប្រទេសស្ថិតនៅតំបន់ឈូងសមុទ្រមួយនេះ តែងតែត្រូវបានគេរិះគន់ពីបញ្ហាសិទ្ធិមនុស្ស រំលោភបំពានសិទ្ធិស្រ្តី និងឧក្រិដ្ឋផ្លូវភេទផងដែរ។
លើសពីនេះទៀត ក្រុមហ៊ុនធំៗនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក៏ជាដៃគូឧបត្ថម្ភធំរបស់ Formula One, Golf’s Ladies European Tour និងជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាកីឡាគ្រីឃីតអន្តរជាតិទៀតផង៕