(កោះកុង)៖ សាលារៀនកោះកុងអន្តរជាតិ បានចុះកិច្ចព្រមព្រៀងគ្នាជាមួយ Springboard for Education Cambodia ដើម្បីនាំយកម្មវិធីអប់រំបែបស្តង់ដារអន្តរជាតិមកបណ្តុះបណ្តាលដល់កុមារនៅខេត្តកោះកុង ដើម្បីធនធានមនុស្ស។
កិច្ចព្រមព្រៀងផ្នែកអប់រំបែបលក្ខណៈអន្តរជាតិនេះ បានរៀបចំឡើងក្រោមវត្តមានលោកស្រី ហាយ គន្ឋា នាយិកាសាលារៀនកោះកុងអន្តរជាតិ និងលោក Dr. Vincent Santiago ជានាយកផ្នែកសិក្សាធិការ (Academic Director)។
លោកស្រី ហាយ គន្ឋា នាយិកាសាលារៀនកោះកុងអន្តរជាតិ បាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ថា លោកស្រីមានគោលដៅខ្ពស់បំផុត ដោយចង់ពង្រឹងការសិស្សាផ្នែកភាសាអង់គ្លេសជាលក្ខណៈអន្តរជាតិ ដល់សិស្សានុសិស្សកាន់ទូលំទូលាយលើពីកម្រិតសិក្សានាពេលបច្ចុប្បន្នដែលមានស្រាប់ក្នុងភូមិសាស្រ្តខេត្តកោះកុង។
លោកស្រីនាយិកាសាលរៀនកោះកុងអន្តរជាតិ បន្តថា សាលារៀន និងជាដៃគូអប់រំសិក្សា Springboard for Education Cambodia នឹងផ្តល់ដល់សិស្សានុសិស្សមានឱកាសចូលរួមប្រឡងតេស្តសម្ថតភាពផ្នែកភាសាអង់គ្លេស កម្រិតអន្តរជាតិ និងទទួលបានវិញ្ញាបនបត្រ ពី Cambridge ហើយសិស្សអាចបន្តទៅសិក្សាផ្លាស់ប្តូរ បទពិសោធន៍ នៅក្រៅប្រទេសទៀតផង។
សាលារៀនកោះកុងអន្តរជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ផ្តោតលើការ បណ្តុះបណ្តាលអប់រំដល់សិស្សានុសិស្សសរុប ១.៥៣០នាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ទី១២។ ក្នុងនោះមានថ្នាក់ភាសាអង់គ្លេសទូទៅគ្រប់កម្រិត ថ្នាក់ភាសា ចិន ថ្នាក់ភាសា ថៃ ន៨ងថ្នាក់កុំព្យូទ័រ។
លោក Dr. Vincent Santiago ជានាយកផ្នែកសិក្សាធិការ (Academic Director) ថ្លែងថា លោកសប្បាយរីករាយ ដែលបានចុះកិច្ចព្រមព្រៀងគ្នាជាមួយសាលារៀនកោះកុងអន្តរជាតិ ដើម្បីសហប្រតិបត្តិការសំដៅធ្វើយ៉ាងណា ជួយពង្រឹងការសិក្សារៀនសូត្រភាសាអង់គ្លេស ជូនដល់សិស្សានុសិស្សនៅកម្ពុជា។
លោកបានបន្ថែមថា លោកមើលឃើញការចុះ MoU រវាងគ្នានឹងនៅពេលនេះជាសក្ខីកម្ម នៃភាពជោគជ័យមួយលើវិស័យអប់រំនៅកម្ពុជា។ លោកជឿជាក់ថា ថ្នាក់ដឹកនាំ និងលោកគ្រូអ្នកគ្រូសាលារៀនកោះកុងអន្តរជាតិ បាននាំយកកម្មវិធីសិក្សាពិសេស ទៅអប់រំសិក្សាដល់សិស្សានុសិស្សប្រកបដោយគុណភាព និងប្រសិទ្ឋភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើកិច្ចការងារពង្រឹងគុណភាពអប់រំ និងធនធានមនុស្សនៅកម្ពុជា៕