(ឡុងដ៍)៖ ជើងខ្លាំងកីឡាស្នូកឃើ Ronnie O’Sullivan បានសម្រេចដកខ្លួនពីព្រឹតិ្តការណ៍ Northern Ireland Open ឆ្នាំ២០២៤ នៅប្រទេសអៀរឡង់ខាងជើង ក្រោមហេតុផលពីវេជ្ជបញ្ជាពេទ្យ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អតីតកីឡាករលំដាប់លេខ១ ពិភពលោក ដែលធ្លាក់មកឈរលេខ៥ បច្ចុប្បន្ននេះ នឹងបន្តអវត្តមានពីកម្មវិធីដែលធ្វើឡើងនៅទីក្រុង Belfast គ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះតទៅហើយ និងជាការខកខានប្រកួត ៣កម្មវិធីជាប់ៗគ្នាផងដែរសម្រាប់បុរសសញ្ជាតិអង់គ្លេសរូបនេះ មានទាំង British Open និង Wuhan Open ជាដើម។
ការដកខ្លួនរបស់ O’Sullivan នេះដែរ ត្រូវបានប្រកាសដោយសហព័ន្ធ World Snooker Tour នារាត្រីថ្ងៃអាទិត្យ ទី២០ ខែតុលា នៅពេលកីឡាករចាស់វស្សា វ័យ ៤៨ឆ្នាំរូបនេះ ត្រូវប៉ះគូប្រជែង Long Zehuang ពីក្នុងជុំទី១ នៃវគ្គ ៣២នាក់ចុងក្រោយ។
នេះមានន័យថា ជើងខ្លាំងរហស្សនាម «The Rocket» រូបនេះបន្តអវត្តមាន គិតចាប់តាំងពីហាលអាវត្រឹមជុំទី១ នៃកម្មវិធី English Open កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មក៕