(អាប៊ូដាប៊ី)៖ ខ្សែប្រយុទ្ធ Neymar បានរួមចំណែកជួយក្រុម Al-Hilal របស់អារ៉ាប៊ីសាអូឌីត យកបាន ៣ពិន្ទុពី Al-Ain របស់អារ៉ាប់រួម តាមរយៈលទ្ធផលឈ្នះ ៥-៤ នាយប់មិញនៅពានប្រចាំទ្វីបអាស៊ី AFC Champions League 2024-2025 បន្ទាប់ពីអវត្តមានជាង ១ឆ្នាំ ដោយសារវះកាត់ជង្គង់។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមសាំបាប្រេស៊ីលខាងលើនេះ ត្រូវបានគ្រូបង្វឹកដាក់ចូលលេងតែជាង ១០នាទីប៉ុណ្ណោះ ក្នុងប្រកួតទល់នឹងម្ចាស់ផ្ទះ Al-Ain ក្រោយពេលជាពី ACL ដែលបានរងរបួសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ពេលលេងឱ្យជម្រើសជាតិជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីន។
នៅចាំបានថា Neymar វ័យ ៣២ឆ្នាំ បានផ្លាស់ទៅលេងនៅលីគកំពូល Pro League របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងតម្លៃខ្លួន ៩០លានអឺរ៉ូពីក្លិបបារាំង Paris Saint Germain នាអំឡុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីអវត្តមានច្រើនខែ ក្នុងចំណោម ២រដូវកាលចុងក្រោយដោយសាររបួសកជើងនៅក្នុងក្លិប PSG។
ការផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីត រូបគេទើបតែលេងបាន ៥ប្រកួតប៉ុណ្ណោះ មុនពេលរងរបួសជង្គង់ខាងឆ្វេងជាទម្ងន់ថែមទៀត៕